(សេអ៊ូល)៖ មន្រ្តីយោធាកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃពុធនេះថា ភាពបរាជ័យនៃការបាញ់មីស៊ីលផ្លោង Musudan របស់កូរ៉េខាងជើងកាលពីសប្តាហ៍មុននិងជាលើកទីពីរនៅក្នុងខែតុលានេះ បានបណ្តាលឲ្យ ជើងទម្របាញ់របស់វាឆាបឆេះឡើង និងទទួលរងការខូចខាតយ៉ាងដំណំ ហើយវាគឺជាសញ្ញាថ្មីមួយទៀត ដែលបានបង្ហាញពីកំហុសឆ្គងដែលបានកើតមាន ក្នុងវិស័យយោធារបស់ប្រទេសកូរ៉េខាងជើង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយុនហ៉ាប់ នៅថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។
នៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ដែលគេជឿថា ជាមីស៊ីល Musudan ដ៏មានអនុភាពចេញពីព្រលានយន្តហោះមួយកន្លែងនៅក្នុងខេត្តKusong ភាគពាយ័ព្យ នៃប្រទេសកូរ៉េខាងជើង ហើយមីស៊ីលផ្លោងដែលមានរយៈចម្ងាយមធ្យមនេះបានផ្ទុះឡើងភ្លាមៗបន្ទាប់ពី ត្រូវបានបាញ់ចេញបានតែបន្តិចប៉ុណ្ណោះ។ មួយវិញទៀតការបាញ់សាកល្បងកាលពីថ្ងៃទី២០ ខែតុលានោះ គឺជាការព្យាយាមរបស់កូរ៉េខាងជើងដើម្បីរក្សាមុខមាត់ ពីការបាញ់សាកល្បងមីស៊ីលផ្លោង Musudan បរាជ័យមួយទៀតដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែតុលា។
យោធាកូរ៉េខាងត្បូងជឿជាក់ថាប្រទេសកូរ៉េខាងជើងនៅពេលនោះ បានធ្វើតេស្តមីស៊ីលផ្លោង Musudan ដោយប្រើប្រាស់ម៉ាស៊ីនមីស៊ីលដែលមានការកែច្នៃដោយខ្លួនឯង ទើបបានបង្កឲ្យមានការផ្ទុះឡើងបែបនោះ ហើយវាមិនមែនដោយសារតែការផ្ទុកក្បាលគ្រាប់ធ្ងន់ហួសកំណត់នោះឡើយ។ ម៉្យាងវិញទៀតប្រទេស កូរ៉េខាងជើងត្រូវបានគេរំពឹងថានឹងធ្វើការបាញ់សាកល្បងមីស៊ីលផ្លោង Musudan ជាច្រើនគ្រាប់បន្តទៀត នៅពេលដែលខ្លួនជួសជុលផ្នែកដែលមានកំហុស និងកែតម្រូវបញ្ហាដែលបានរកឃើញនៅពេលកន្លងមករួច។
គួរបញ្ជាក់ថាការបាញ់សាកល្បងនៅថ្ងៃពុធ គឺជាមីស៊ីលផ្លោងទី០៨ហើយ ដែលត្រូវបានបាញ់ចេញពី ប្រទេសកូរ៉េខាងជើងដោយក្នុងចំណោមមីស៊ីលទាំង ០៨គ្រាប់មានមួយគ្រាប់ដែលបានបាញ់កាលពីថ្ងៃទី២២ ខែមិថុនា បានហោះក្នុងចម្ងាយ៤០០គីឡូម៉ែត្រ និងឡើងដល់កម្ពស់១,៤០០គីឡូម៉ែត្រ ចំណែកឯមីស៊ីល ដ៏ទៃៗទៀតបានផ្ទុះភ្លាមៗបន្ទាប់ពីត្រូវបានបាញ់បង្ហោះឡើង។ ប្រការនេះបានបង្ហាញឲ្យឃើញថា ទីក្រុងព្យុងយ៉ាងមិនទាន់មានសមត្ថភាពពេញលេញ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាមីស៊ីលនៅឡើយទេ៕