(បាងកក)៖ បន្ទាប់ពីបានបិទទ្វារដើម្បីធ្វើការកាន់ទុក្ខចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រ អស់រយៈពេលជាង១០ថ្ងៃមក សេវាកម្មបម្រើផ្លូវភេទនៅប្រទេសថៃត្រូវបានអនុញ្ញាតឲ្យបើកដំណើរការវិញ ប៉ុន្តែស្រ្តីដែលធ្វើការបម្រើផ្លូវភេទទាំងអស់ បានស្លៀកសំលៀកបំពាក់ពណ៌ខ្មៅដើម្បីសម្តែងជាការ កាន់ទុក្ខបន្តទៀតទោះបីជាកំពុងបម្រើការងារក៏ដោយ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Daily Mail នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។
នៅថ្ងៃអង្គារនេះនារីបម្រើផ្លូវភេទ ជាច្រើនរយនាក់នៅ តាមបណ្តាក្លឹបកម្សាន្តនានា ក្នុងទីក្រុងបាងកក ត្រូវបានគេប្រទះឃើញថាបានស្ថិតនៅក្នុងសម្លៀកបំពាក់ ខុសប្លែកពីការស្លៀកពាក់ ជាធម្មតារបស់ពួកគេ ដែលធ្លាប់តែមានពណ៌ស្រស់ឆើតឆាយនោះ បែរមកជាមានពណ៌ខ្មៅស្រគត់ស្រគុំទៅវិញ សូម្បីតែខោអាវក្នុងក៏មានពណ៌ខ្មៅដែរ។
ស្រី្តបម្រើផ្លូវភេទម្នាក់អាយុ២៦ឆ្នាំ បាននិយាយថា «វានៅតែមានសភាពស្ងប់ស្ងាត់នៅឡើយទេដោយសារតែ អ្នកទាំងអស់គ្នានៅតែពិបាកចិត្តចំពោះការសោយទិវង្គតរបស់ព្រះរាជា ប៉ុន្តែពួកយើងជា នារីបម្រើផ្លូវភេទ ចាំបាច់ត្រូវតែបន្តធ្វើការងារដើម្បីរកប្រាក់ចិញ្ចឹមជីវិត ហើយពួកយើងរាល់គ្នាមិនអាចធ្វើអ្វីផ្សេងបាន ក្រៅពីការស្វែងរកភ្ញៀវដើម្បីទទួលបានប្រាក់នោះឡើយ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃបានប្រកាសផ្អាកកន្លែងកម្សាន្ត និងសកម្មភាពសប្បាយរីករាយផ្សេងៗចំនួន៣០ថ្ងៃ ប៉ុន្តែរង្គសាលនិងក្លឹបកម្សាន្តជាច្រើននៅក្នុងទីក្រុងបាងកក បានបើកដំណើរការ ជាធម្មតាវិញហើយ តែមានភ្លេងតន្រ្តីមិនសូវជាលឺកងរំពងដូចមុននោះទេ ហើយការរាំកម្សាន្តវិញអាចប្រព្រឹត្តទៅ បានលុះត្រាតែនៅកន្លែងបិទបាំង៕