Update: អាជ្ញាធរចិនរកឃើញការស្ដុកសារធាតុផ្ទុះខុសច្បាប់ ដែលជាដើមចមនៃការផ្ទុះដ៏កក្រើក ស្លាប់មនុស្ស១៤នាក់នៅខេត្ត Shaanxi
26-10-2016 14:22
(ប៉េកាំង)៖ អាជ្ញាធរចិនបានអះអាងនៅថ្ងៃពុធនេះថា ការផ្ទុះដ៏ខ្លំាងក្លានៅក្នុងអាគារមួយកន្លែងស្ថិតនៅខេត្ត Shaanxi ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៤នាក់ ក្នុងនោះមានកុមារ២នាក់ ស្លាប់បាត់បង់ជីវិត និង១៤៧នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃចន្ទនោះ គឺបណ្ដាលមកពីសារធាតុផ្ទុះស្ដុកទុកដោយខុសច្បាប់ នៅក្នុងអាគារនោះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះ បន្តិចនាព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។
ប្រភពដដែលបានបន្ថែមទៀតថា អាជ្ញាធរចិនបានឃាត់ខ្លួនមនុស្ស៣នាក់ ក្រោមការសង្ស័យថា មានជាប់ពាក់ ព័ន្ធនឹងការផ្ទុះនេះដែលបានកើតឡើង នៅម៉ោងប្រមាណជា ១៤៖០០នាទីកាលពីថ្ងៃចន្ទ នៅក្នុងតំបន់ Xinmin នៃស្រុកFugu ស្ថិតនៅក្នុងខេត្ត Shaanxi។
គួរបញ្ជាក់ថាហេតុការណ៍ផ្ទុះរបៀបនេះ តែងតែកើតឡើងជារឿយៗនៅក្នុងប្រទេសចិន ជាក់ស្ដែងកាលពីឆ្នាំ ២០១៥ការផ្ទុះរោងចក្រស្ដុកសារធាតុគីមីនៅទីក្រុងកំពង់ផែ Tianjin បានផ្ដាច់យកជីវិតមនុស្ស១៦៥នាក់ និងបង្កការខូចខាតសេដ្ឋកិច្ច រាប់រយរាប់ពាន់លានដុល្លារអាមេរិកឯណោះ៕