លោក ត្រាំ និងលោក ហ្សេលេនស្គី បរាជ័យចុះកិច្ចព្រមព្រៀងរ៉ែ ក្រោយទាស់សម្ដីគ្នានៅសេតវិមាន (Video inside)
01-03-2025 08:47
(វ៉ាស៊ីនតោន)៖ គម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្ររវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ត្រូវបានលុបចោល បន្ទាប់ពីជំនួបរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រែក្លាយទៅជាជម្លោះពាក្យសម្ដីផាំងទៅផាំងមក ជុំវិញមន្ទិលសង្ស័យរបស់លោក ហ្សេលេនស្គីចំពោះកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីសម្របសម្រួលឱ្យមាន កិច្ចព្រមព្រៀងមួយជាមួយរុស្ស៉ី អាចនឹងសម្រេចបានសន្តិភាពយូរអង្វែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ហ្សេលេនស្គី បានដើរចេញពីសេតវិមាន បន្ទាប់ពីទាស់សម្ដីគ្នាជាមួយលោក ត្រាំ នៅមុខក្រុមអ្នកកាសែត រីឯផែនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ និងសន្និសីទសារព័ត៌មានត្រូវបានលុបចោល។ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាកិច្ចព្រមព្រៀងរ៉ែដែលលោក ត្រាំ ចាត់ទុកថាជាជំហានមួយដ៏សំខាន់ដើម្បីសងសំណងដល់សហរដ្ឋអាមេរិក សម្រាប់ការផ្ដល់ជំនួយយោធាអ៊ុយក្រែន មិនត្រូវបានចុះហត្ថលេខា មុនលោក ហ្សេលេនស្គីដើរចេញពីសេតវិមាននោះឡើយ។
លោក ដូណាល់ ត្រាំ វិញក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម បាននិយាយថាលោក ហ្សេលេនស្គីមិនបានផ្ដល់ការគោរពដល់សហរដ្ឋអាមេរិកទេ ប៉ុន្តែថាលោក ហ្សេលេនស្គី អាចត្រឡប់មកកាន់ សេតវិមានសាជាថ្មី នៅពេលត្រៀមខ្លួនរួចរាល់ដើម្បីសន្តិភាព។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានធ្វើឱ្យលោក ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក J.D. Vance ខឹងសម្បារ នៅពេលដែលរូបលោកលើកឡើងថាលោកផ្ទាល់មិនជឿនោះទេថាកិច្ចព្រមព្រៀងរ៉ែអាចនឹង ទប់ស្កាត់ការឈ្លានពានរបស់រុស្ស៉ីជាថ្មីណាមួយនៅពេលអនាគត៕