(អ៊ីស្តង់ប៊ុល)៖ ក្នុងអំឡុងកិច្ចពិភាក្សាជាមួយមន្ត្រីអាមេរិក នៅទីក្រុងអ៊ីស្តង់ប៊ុល រុស្ស៊ី បានស្នើឱ្យមានការស្តារជើងហោះហើរត្រង់ឡើងវិញជាមួយសហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃសុក្រនេះ ដែលត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការបរទេសរុស្ស៊ី មិនបានបញ្ជាក់ពីជំហររបស់ភាគីអាមេរិក ចំពោះសំណើនេះទេ។ ទោះជាយ៉ាងណា ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot បានកើនឡើង ៣.៨% ក្រោយព័ត៌មាននេះចេញផ្សាយ។
ការផ្អាកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ គឺជាផ្នែកមួយនៃទណ្ឌកម្ម ដែលប្រទេសលោកខាងលិចជាច្រើនបានដាក់លើរុស្ស៊ី ក្នុងឆ្នាំ ២០២២ ដោយសារតែ សង្គ្រាមនៅអ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាពី វិធីដោះស្រាយបញ្ហារំខាន ដែលសេសល់ពីរដ្ឋបាលរបស់សហរដ្ឋអាមេរិកមុន ហើយបានឯកភាពលើវិធានការនានាដើម្បីធានាដល់លំហូរហិរញ្ញវត្ថុឥតឧបសគ្គទៅកាន់ស្ថានទូតរៀងៗខ្លួន និងអនុញ្ញាតឱ្យអ្នកការទូត របស់ពួកគេបំពេញការងារបានជាប្រក្រតីឡើងវិញ ក្រោយពីមានវិវាទ និងការបណ្តេញចេញជាច្រើនឆ្នាំ។
គួរបញ្ជាក់ថា បន្ថែមលើនេះ រុស្ស៊ីបានទាមទារសារជាថ្មី នូវការប្រគល់ត្រឡប់មកវិញ នូវទ្រព្យសម្បត្តិស្ថានទូតចំនួនប្រាំមួយកន្លែង នៅសហរដ្ឋអាមេរិក ដែលត្រូវបានរឹបអូស។ ក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការសម្រេចបាន «លទ្ធផលជាក់ស្តែង» ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគី។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានទទួលស្គាល់ថា កិច្ចពិភាក្សារួមមាន បញ្ហាទាក់ទងនឹងកម្រិតបុគ្គលិកស្ថានទូត ទិដ្ឋាការ និងធនាគារការទូត ប៉ុន្តែមិនបានលើកឡើង ពីប្រធានបទជើងហោះហើរត្រង់នោះទេ។ ភាគីទាំងពីរ បានឯកភាពគ្នា ថានឹងជួបប្រជុំគ្នាបន្តទៀត៕