Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម គាំទ្រការបញ្ជូនជនជាតិវៀតណាមមកពីអាមេរិកវិញ បន្ទាប់ពីមានការគំរាមកំហែងដាក់ពន្ធ (Video inside)

28-02-2025 15:24

(ហាណូយ)៖ អ្នកច្បាប់ម្នាក់ បាននិយាយថា វៀតណាមសន្យាគាំទ្រការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋវៀតណាមជាច្រើននាក់ ដែលត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក ហើយដោះស្រាយឱ្យបានឆាប់ នូវសំណើថ្មីៗទៀត សម្រាប់ការបញ្ជូនពលរដ្ឋវៀតណាមមកវិញ បន្ទាប់ពីមានការគំរាមកំហែងដាក់ពន្ធគយ និងការដាក់កំហិតទិដ្ឋាការជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥។

នេះគឺជាផ្នែកមួយនៃការធ្វើសម្បទានផ្សេងទៀត ដែលប្រទេសគ្រប់គ្រងដោយបក្សកុម្មុយនិស្តមួយនេះ កំពុងពិចារណា ដើម្បីចៀសវាងការបង់ពន្ធ ដែលអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនចុះខ្សោយ ដោយសារតែការពឹងផ្អែកខ្លាំង លើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។

លោក Tin Thanh Nguyen មេធាវីខាងអន្តោប្រវេសន៍ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា វៀតណាម យល់ព្រមធ្វើតាមសំណើបញ្ជូនពលរដ្ឋវៀតណាម របស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣០ថ្ងៃ ដែលលឿនជាងអ្វី ដែលពួកគេធ្លាប់ធ្វើ នាពេលកន្លងមក។ ទីក្រុងហាណូយ ក៏បានយល់ព្រមចេញឯកសារធ្វើដំណើរ ឱ្យជនជាតិវៀតណាម ដែលកំពុងជាប់ឃុំចំនួន ៣០នាក់ផងដែរ ដែលនឹងបើកផ្លូវដល់ការបញ្ជូនពួកគេ មកពីសហរដ្ឋអាមេរិកវិញ។

គួរបញ្ជាក់ថា ក្រសួងការបរទេសវៀតណាម នៅមិនទាន់ចេញមកបញ្ជាក់នោះទេ ជុំវិញការអត្ថាធិប្បាយនេះ ប៉ុន្តែកាលពីដើមខែកុម្ភៈ អ្នកនាំពាក្យមួយរូបរបស់ក្រសួងនិយាយថា វៀតណាមនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក លើការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋ ស្របតាមកិច្ចព្រមព្រៀង៕