(តូក្យូ)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានផ្ដល់ការធានាមួយដល់ជប៉ុនថាការបំពេញ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលជាគូរប្រជែងរបស់ទីក្រុងតូក្យូ កាលពីសប្ដាហ៍មុនគឺផ្ដោតសំខាន់ តែទៅលើចំណងទាក់ទងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក ឌូធើតេ នៅតែបញ្ជាក់ជាថ្មី ថាសម្ព័ន្ធភាពយូរអង្វែងជាមួយសហរដ្ឋអាមេរិក នឹងត្រូវពនិត្យឡើងវិញ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។
ថ្លែងប្រាប់អ្នកជំនួញជប៉ុន លោក ឌូធើតេ បាននិយាយថា «អ្នកទំាងអស់គ្នាពិតជាដឹងថាខ្ញុំបានទៅទស្សនកិច្ច នៅចិន។ ខ្ញុំចង់ប្រាប់អ្នកថា នៅទីនោះខ្ញុំនិយាយតែពីរឿងសេដ្ឋកិច្ច តែមិនបាននិយាយពីរឿងអាវុធនោះទេ ហើយយើងថែមទំាងបានជៀសវាងការជជែកគ្នាលើការចងសម្ព័ន្ធភាពទៀតផង។ បន្ថែមពីលើនេះខ្ញុំចង់ប្រាប់ អ្នករាល់គ្នាឱ្យច្បាស់ ថាយើងនឹងមិនជ្រើសរើសរវាងមិត្ត និងអ្នកជិតខាងរបស់យើងឡើយ ប៉ុន្តែសម្រាប់ខ្ញុំ វាជាពេលវេលាដ៏សំខាន់ ដែលប្រធានាធិបតីត្រូវក្រោកឈរក្នុងនាមសេចក្ដីថ្លៃថ្នូរនៃប្រជាជនរបស់ខ្លួន»។
គួរបញ្ជាក់ថាការបំពេញដំណើរទស្សនកិច្ចរបស់ លោក ឌូធើតេ មកកាន់ប្រទេសជប៉ុនធ្វើឡើងនៅចំពេល ដែលទំនាក់ទំនងរវាងហ្វីលីពីន និងសហរដ្ឋអាមេរិក កំពុងមានភាពតានតឹងនឹងគ្នាខណៈលោកបានបោះ ជំហានទៅចិន ប៉ុន្តែក្នុងឱកាសស្ថិតនៅទីក្រុងតូក្យូ លោក ឌូធតតេ បែរជាបន្ទន់ឥរិយាបទដោយអះអាងថា លោកនឹងមិនផ្ដាច់សម្ព័ន្ធភាពពីសហរដ្ឋអាមេរិកឡើយ៕