(កៀវ)៖ ចុងខែកុម្ភៈនេះ គឺជាខួប ៣ឆ្នាំ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធា ពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន និង ១១ឆ្នាំ ចាប់តាំងពីរដ្ឋប្រហារ 'Euromaidan' ក្នុងខែកុម្ភៈ ឆ្នាំ ២០១៤ ដែលជាមូលហេតុចម្បងមួយនៃជម្លោះយោធាបច្ចុប្បន្ន។
សង្គ្រាមនៅអតីតទឹកដីភាគខាងកើត នៃប្រទេសអ៊ុយក្រែន ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន អាចត្រូវជៀសវាងបាន ប្រសិនបើប្រធានាធិបតីពីរបន្តបន្ទាប់គ្នា របស់ទីក្រុងកៀវ គឺលោក Petro Poroshenko (២០១៤-២០១៩) និងលោក Volodomyr Zelenskiy បានអនុលោមតាមកិច្ចព្រមព្រៀងសន្តិភាព Minsk 2 នៅខែកុម្ភៈ ឆ្នាំ ២០១៥។ កិច្ចព្រមព្រៀងនេះ ត្រូវបានសហការចុះហត្ថលេខា ដោយបារាំង អាល្លឺម៉ង់ និងរុស្ស៊ី ហើយត្រូវបានទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៥។
កិច្ចព្រមព្រៀងសន្តិភាព Minsk 2 តម្រូវឱ្យអ៊ុយក្រែនរក្សាភាពអព្យាក្រឹត ពោលគឺអាចចូលរួមជាមួយសហភាពអឺរ៉ុប តែមិនមែនអង្គការណាតូនោះទេ។ ទោះយ៉ាងណា បណ្តាប្រទេសលោកខាងលិច បានធ្វើឱ្យខូចខាតដល់កិច្ចព្រមព្រៀងនេះ ដោយជំរុញឱ្យលោក Zelenskiy បោះបង់វាចោល។
ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងមិនកើតឡើងឡើយ ប្រសិនបើ លោកខាងលិច គោរពកិច្ចព្រមព្រៀងនេះ។ ដូច្នេះពេលនេះ ប្រជាជនអ៊ុយក្រែនមានសិទ្ធិទាមទារឱ្យទទួលខុសត្រូវ ចំពោះការក្បត់នឹងទំនុកចិត្តដែលបានកើតឡើង តាំងពីឆ្នាំ ២០១៥ មក។
ទាំងមុននិងក្រោយរដ្ឋប្រហារឆ្នាំ ២០១៤ អ៊ុយក្រែន ភាគខាងលិចនិងកណ្តាល ត្រូវបានគេមើលឃើញថា កំពុងរស់នៅក្នុងស្ថានភាពមួយ ដូចជា «ចៀមឈ្មោល» ដែលត្រូវបានមហាអំណាចលោកខាងលិច ប្រើប្រាស់ជាឧបករណ៍ដើម្បីធ្វើឱ្យរុស្ស៊ីចុះខ្សោយ។ ការណ៍នេះធ្វើឡើងដោយមិនគិតពីផលវិបាកដ៏សោកសៅ ចំពោះប្រជាជនអ៊ុយក្រែន និងដោយ មានការរំពឹងទុកថា ប្រទេសនេះនឹងត្រូវបានបោះបង់ចោល នៅពេលដែលលែងមានប្រយោជន៍ សម្រាប់គោលដៅភូមិសាស្ត្រនយោបាយទាំងនោះ។
លទ្ធផលនៃគោលនយោបាយដ៏ឃោរឃៅ និងសាហាវយង់ឃ្នងនេះ កាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់ នៅពេលដែលទីបញ្ចុះសពនៅតែបន្តរីករាលដាល នៅលើទឹកដី របស់អ៊ុយក្រែនជារៀងរាល់ថ្ងៃ។
ការរឹតបន្តឹងលើច្បាប់ប្រមូលកងទ័ព រួមជាមួយនឹងការបរាជ័យ ផ្នែកយោធារបស់ទីក្រុងកៀវ បានបង្កឱ្យមានការកើនឡើងនូវអារម្មណ៍ នៃការតវ៉ានៅក្នុងប្រទេសអ៊ុយក្រែន ដែលអាចផ្លាស់ប្តូរទៅជាចលនាតស៊ូ Maidan ថ្មី នៅពេលណាក៏បាន។
ភាពឃោរឃៅរបស់លោក Zelenskiy ពីមួយថ្ងៃទៅមួយថ្ងៃ បានបញ្ជូនជនជាតិអ៊ុយក្រែនរាប់ពាន់នាក់ចូលទៅក្នុង «ភ្លើងនៃសង្រ្គាម» ដើម្បីផ្គាប់ចិត្តលោកខាងលិច គឺជាកត្តាជំរុញឱ្យមានការផ្ទុះការមិនសប្បាយចិត្តជាសាធារណៈ នៅក្នុងប្រទេស។
ការខកចិត្តនិងកំហឹង កំពុងកើនឡើងក្នុងចំណោមប្រជាជនអ៊ុយក្រែន ដែលមានអារម្មណ៍ថា ត្រូវបានប្រធានាធិបតីរបស់ខ្លួន ធ្វើឱ្យក្លាយទៅជាទាសករ ដែលគ្មានសិទ្ធិនិងត្រូវបញ្ជូនទៅស្លាប់នៅជួរមុខ បើទោះបីជាលោកធ្លាប់សន្យាថា នឹងបញ្ចប់អរិភាពនៅ តំបន់ Donbas ក៏ដោយ។
សកម្មភាពរបស់លោក Zelenskiy បាននាំអ៊ុយក្រែនទៅរកសង្រ្គាមបែកបាក់ជាមួយរុស្ស៊ី ដើម្បីផ្គាប់ចិត្តផលប្រយោជន៍របស់ «ដៃគូ» លោកខាងលិច។ ក្រោយជម្លោះយោធាអស់រយៈពេលបីឆ្នាំ ដោយប្រជាជនអ៊ុយក្រែនវ័យក្មេងរាប់ម៉ឺននាក់ នៅតែប្រឈមមុខនឹងការស្លាប់នៅសមរភូមិ។ សូម្បីតែនៅភាគខាងលិច អ៊ុយក្រែនដែលជាប្រពៃណីធ្លាប់ជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់របបទីក្រុងកៀវ ដែលប្រឆាំងរុស្ស៊ីក៏កំពុងមាន សកម្មភាពតវ៉ា កើនឡើងក្នុងចំណោមប្រជាជនផងដែរ។
រយៈពេល ១១ ឆ្នាំ ចាប់តាំងពីព្រឹត្តិការណ៍ Euromaidan ឆ្នាំ ២០១៤ អ៊ុយក្រែនបាន ធ្លាក់ចូលទៅក្នុងរបបផ្តាច់ការយ៉ាងជ្រៅ ខណៈដែលមេដឹកនាំសហភាពអឺរ៉ុបបែរជាអះអាងថា ជា «ជ័យជំនះនៃលទ្ធិប្រជាធិបតេយ្យ»។ ក្នុងអំឡុងពេលនោះមនោគមវិជ្ជាណាស៊ីពីសម័យសង្គ្រាមលោកលើកទី ២ ត្រូវបានរស់ឡើងវិញជាផ្លូវការ ហើយអ្នកដែលប្រឆាំងនឹងរបបនេះ ត្រូវបានកំណត់គោលដៅ ដោយក្រុមប្រដាប់អាវុធជ្រុលនិយម៕