(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានបដិសេធចំពោះការលើកឡើងទាំងឡាយណាដែលថា មានភាពរកាំរកូសក្នុងទំនាក់ទំនងយោធារវាង ចិននិងកម្ពុជា ដោយលោកបានចាត់ទុកការលើកឡើងទាំងនោះថាជា «ការបង្កាច់បង្ខូច និង មិនត្រឹមត្រូវ»។
ថ្លែងក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈលោក Wu បានសង្កត់ធ្ងន់ថា «ប្រទេសចិននិងកម្ពុជា គឺជាមិត្តដែកថែប ដែលចែករំលែកគ្នាទាំងសេចក្តីសុខ និងទុក្ខលំបាក និងតែងតែគាំទ្រគ្នាទៅវិញទៅមក»។ លោកបានបន្តថា ក្រោមការណែនាំជាយុទ្ធសាស្ត្រ របស់មេដឹកនាំប្រទេសទាំងពីរ យោធាចិន និងកម្ពុជា មាន «ទំនាក់ទំនងកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការប្រកបដោយផលិតភាព និងសំខាន់លើវិស័យផ្សេងៗ»។
អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះ បានលើកឡើងពីឧទាហរណ៍ជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានសមយុទ្ធ «នាគមាស» ចំនួនប្រាំមួយដង និងសមយុទ្ធទេវតាសន្តិភាព ឬ Peace Angel ក៏ដូចជាការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ លោកក៏បានរំឭកពីការប្រគល់មេដាយរបស់ក្រសួងការពារជាតិកម្ពុជា ដល់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ និងក្រុមអ្នកជំនាញការចិននៅកម្ពុជាផងដែរ។
មិនតែប៉ុណ្ណោះ លោក Wu Qian បានសន្យាថា យោធាចិននឹងបន្ត «ចាប់ដៃជាមួយភាគីកម្ពុជា ដើម្បីផ្តល់ការឯកភាពគ្នាដ៏សំខាន់ រវាងមេដឹកនាំនៃប្រទេសទាំងពីរ និងពង្រឹងទំនាក់ទំនងយោធា»។ លោកបានប្រៀបធៀបការទុកចិត្តគ្នា រវាងប្រទេសទាំងពីរ ទៅនឹង «ដើមឈើដែលចាក់ឫសក្នុងដី ដែលមានការជួយគ្នាទៅវិញទៅមក» ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-កម្ពុជា បានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលក្នុងឆាកអន្តរជាតិ ហើយរាល់ការប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងនេះ នឹងមិនទទួលជោគជ័យឡើយ៕