(ព្រុចសែល)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានអញ្ជើញឱ្យចូលរួម កិច្ចប្រជុំកំពូលពិសេសមួយរបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃទី៦ ខែមីនា ដើម្បីជជែកអំពីបញ្ហាផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
បើតាមលោក Costa កិច្ចពិភាក្សានាសប្តាហ៍ក្រោយ នៅទីក្រុងព្រុចសែល នឹងផ្តោតលើការគាំទ្រទីក្រុងកៀវ និងការពង្រឹងសមត្ថភាពការពារជាតិរបស់អឺរ៉ុប ហើយសង្ឃឹមថា នឹងអាចសម្រេចបាន ការព្រមព្រៀងលើការផ្តល់សព្វាវុធថ្មីៗបន្ថែមទៀត ឱ្យទៅអ៊ុយក្រែន។ លោក Costa បាននិយាយថា លោកបានអញ្ជើញលោក ហ្សេលេនស្គី ចូលរួមកិច្ចប្រជុំនេះ ដើម្បីជជែកអំពីស្ថានការណ៍វិវត្តន៍ចុងក្រោយ ហើយ EU និងបណ្តារដ្ឋជាសមាជិក ត្រៀមលក្ខណៈជាស្រេច ដើម្បីទទួលយកការទទួលខុសត្រូវធំជាងមុន សម្រាប់សន្តិសុខនៃទ្វីបអឺរ៉ុប។
គួរបញ្ជាក់ថា អឺរ៉ុបត្រូវបានអាមេរិកធ្វើឱ្យភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានសម្រេចចិត្តបើកកិច្ចចរចាជាមួយរុស្ស៉ី សំដៅបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយគ្មានពិគ្រោះយោបល់ជាមុន ជាមួយទីក្រុងកៀវ និងបណ្តាសម្ព័ន្ធមិត្តអឺរ៉ុប ដែលគាំទ្រអ៊ុយក្រែន។ លោក ត្រាំ មិនត្រឹមបានបង្កការភ័យព្រួយនៅអឺរ៉ុប ជុំវិញបញ្ហាអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កក្តីបារម្ភ ជុំវិញការប្តេជ្ញារបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះការការពារសម្ព័ន្ធមិត្ត ក្នុងអង្គការ NATO ថែមទៀតផង៕