ក្រុមមន្រ្តីរុស្ស៉ីនិងអាមេរិកជួបគ្នានៅតួកគី ដើម្បីជជែកអំពីបញ្ហាពាក់ព័ន្ធបេសកកម្មការទូត (Video inside)
27-02-2025 16:30
(អ៉ីស្តង់ប៊ុល)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីបានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមមន្រ្តីរុស្ស៉ីនិងអាមេរិក បានជួបគ្នានៅទីក្រុងអ៉ីស្តង់ប៊ុល ដើម្បីពិភាក្សាអំពីការដោះស្រាយ បញ្ហាពាក់ព័ន្ធបេសកកម្មការទូត ស្របពេលដែលប្រទេសទាំងពីរ ព្យាយាមស្តារទំនាក់ទំនងឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
កិច្ចពិភាក្សាខាងលើធ្វើឡើង នៅស្ថានអគ្គកុលស៊ុលអាមេរិក ហើយវាកើតមានឡើង ក្រោយកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូង ក្នុងខែនេះ រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ផ្ទុះឡើងមក។ ភាគីទាំងពីរមិនបានឱ្យដឹងថា នរណាខ្លះចូលរួមក្នុងកិច្ចពិភាក្សានោះឡើយ ប៉ុន្តែបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៉ី TASS គណៈប្រតិភូរបស់រុស្ស៉ី រួមមានតំណាងមកពីក្រសួងការបរទេស។
គួរបញ្ជាក់ថា កិច្ចពិភាក្សានៅទីក្រុងអ៉ីស្តង់ប៊ុល មានគោលដៅស្តារភាពប្រក្រតីឡើងវិញ សម្រាប់ការធ្វើប្រតិបត្តិនៃបេសកកម្មការទូត បន្ទាប់ពីភាគីទាំងពីរ បានបណ្តេញបុគ្គលិកទូតទៅវិញទៅ កាលពីអំឡុងរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយបញ្ហាសង្រ្គាមអ៊ុយក្រែន មិនស្ថិតក្នុងរបៀបវារៈនោះទេ។ ចាប់តាំងតែពីឡើងកាន់អំណាចវិញ កាលពីខែមករាមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមកំណត់ទំនាក់ទំនងសាជាថ្មី ជាមួយទីក្រុងមូស្គូ ដោយបានបង្ហាញបំណងចង់ជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ហើយចាប់ផ្តើមឱ្យមាន កិច្ចពិភាក្សាកម្រិតខ្ពស់ជាលើកដំបូងជាមួយក្រុមមន្រ្តីរុស្ស៉ី ជាលើកដំបូងក្នុងរយៈពេលប្រមាណ៣ឆ្នាំ៕