(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងមូស្គូ នឹងមិនពិចារណាលើជម្រើសណាមួយឡើយ ជុំវិញបំណងបញ្ជូនកងរក្សាសន្តិភាពអឺរ៉ុបទៅកាន់អ៊ុយក្រែន ហើយគំនិតនេះមានបំណងដុតបញ្ឆេះជម្លោះ និងធ្វើឱ្យវាកាន់តែពិបាកក្នុងការបន្ធូរបន្ថយភាពតានតឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥។

អំឡុងពេលពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា កងរក្សាសន្តិភាពអាចត្រូវបានដាក់ពង្រាយ ដើម្បីធានាថាកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានគោរព។ លោក ត្រាំ បានទទួលយកគំនិតនេះ ហើយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ទទួលយកដែរ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលគ្រោងជួបពិភាក្សាជាមួយលោក ត្រាំ នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកត្រៀមខ្លួនរួចរាល់ហើយក្នុងការបញ្ជូនកងទ័ពអង់គ្លេសទៅអ៊ុយក្រែន ជាផ្នែកនៃកងកម្លាំងរក្សាសន្តិភាពក្រោយសង្គ្រាម។

អំឡុងទស្សនកិច្ចនៅកាតា លោក Lavrov បានបញ្ចេញគោលជំហរជំទាស់ដាច់ខាតរបស់ទីក្រុងមូស្គូ ចំពោះការដាក់ពង្រាយកងកម្លាំងណាមួយ ដោយបញ្ជាក់ថា «លោក ត្រាំ បាននិយាយថា ការសម្រេចដាក់ពង្រាយកងរក្សាសន្តិភាព នឹងអាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីភាគីទាំងសងខាង។ ជាក់ស្តែងគឺសំដៅលើយើង និងអ៊ុយក្រែន។ ប៉ុន្តែគ្មាននរណាម្នាក់បានសួរនាំយើងអំពីរឿងនោះទេ»។

លោកបន្ថែមថា «វិធីសាស្រ្តនេះ បំផុសគំនិតដោយអឺរ៉ុប ជាពិសេសបារាំង ក៏ដូចជាអង់គ្លេស និងអាចត្រឹមតែបញ្ឆេះជម្លោះ និងបញ្ឈប់ការប៉ុនប៉ងរំងាប់សង្រ្គាម»៕