(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនកំណើតទារកនៅក្នុងប្រទេសអាស៉ីមួយនេះ បានបន្តធ្លាក់ចុះសម្រាប់រយៈពេល៩ឆ្នាំជាប់ៗគ្នា កាលពីក្នុងឆ្នាំ២០២៤ ពោលគឺដល់៧២០ ៩៨៨នាក់ ដែលជាកំណត់ត្រាដ៏ទាបបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
ជាច្រើនឆ្នាំមកនេះ ចំនួនកំណើតទារកនៅប្រទេសជប៉ុន បានបន្តស្ថិតក្នុងនិន្នាការថយចុះជាលំដាប់ ដោយធ្លាក់ដល់ក្រោម៩០០ ០០០នាក់ កាលពីឆ្នាំ២០១៩ និងដល់ក្រោម៨០០ ០០០នាក់ កាលពីឆ្នាំ២០២២។ ចំណែក នៅក្នុងឆ្នាំ២០២៣ តួលេខនេះ បានធ្លាក់ដល់៧២៧ ២៧៧នាក់។
គួរបញ្ជាក់ថា វាឆ្លុះបញ្ចាំងឱ្យឃើញពីទំនោរមួយនៅក្នុងប្រទេសជប៉ុន ដោយប្រជាជនកាន់តែច្រើនឡើង បាននិងកំពុងជ្រើសរើសមិនរៀបការ ឬពន្យារពេលរៀបការ ក្រោមហេតុផលមួយផ្នែក គឺដោយសារក្តីកង្វល់អំពីលទ្ធភាពចិញ្ចឹមកូន ចំពោះមុខការកើនឡើងនៃថ្លៃជីវភាពរស់នៅ។ ប្រឈមនឹងមុខបញ្ហានេះ រដ្ឋាភិបាលជប៉ុន ក៏បាននិងកំពុងខិតខំដាក់ចេញ វិធានការលើកទឹកចិត្ត ឬផ្តល់អត្ថប្រយោជន៍ជាច្រើនផងដែរ ដើម្បីជំរុញអត្រាកំណើតរបស់ប្រទេស៕