(សេអ៊ូល)៖ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់នៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៉ី ហើយទាហានកូរ៉េខាងជើងមួយចំនួន ត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិសាជាថ្មី ក្នុងតំបន់ Kursk។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

បណ្តាញចារកម្មកូរ៉េខាងត្បូងនិងក្រុមលោកខាងលិច ធ្លាប់បាននិយាយថា កងទ័ពកូរ៉េខាងជើងសរុបច្រើនជាង ១០ ០០០នាក់ ត្រូវបានបញ្ជូនទៅកាន់រុស្ស៉ីកាលពីឆ្នាំ២០២៤ ដើម្បីជួយទីក្រុងមូស្គូវាយបណ្តេញ កងកម្លាំងអ៊ុយក្រែន ដែលបានវាយលុកចូល​តំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៉ី។

កាលពីដើមខែនេះ ទីក្រុងសេអ៊ូលបានអះអាងថា កងទ័ពកូរ៉េខាងជើង ដែលពីមុនមកបានប្រយុទ្ធរួមគ្នាជាមួយកងទ័ពរុស្ស៉ី នៅតាមសមរភូមិមុខនៃតំបន់ Kursk បានបាត់មុខពីការប្រយុទ្ធ ចាប់តាំងពីពាក់កណ្តាលខែមករា ខណៈអ៊ុយក្រែនបាននិយាយថា ពួកគេបានដកថយ ក្រោយមានទាហានស្លាប់ ឬរបួសច្រើន។

យ៉ាងណាមិញ ឥឡូវនេះ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានឱ្យដឹងថា ទាហានកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយនៅសមរភូមិមុខ​វិញហើយ ក្នុងតំបន់ Kursk ហើយក៏ហាក់មានការបញ្ជូនកងទ័ពបន្ថែមពីកូរ៉េខាងជើង ទៅកាន់រុស្ស៉ីផងដែរ ក៏ប៉ុន្តែទំហំជាក់ស្តែង នៃកងទ័ពថ្មីៗទាំងនោះ កំពុងស្ថិតក្រោមការវាយតម្លៃ។

គួរបញ្ជាក់ថា ទីក្រុងមូស្គូនិងព្យុងយ៉ាង សុទ្ធតែមិនបានទទួលស្គាល់ វត្តមានកងទ័ពកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៉ីឡើយ ប៉ុន្តែ​ប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងទូលំទូលាយមួយ ដែលក្នុងនោះរួមមានទាំងកាតព្វកិច្ចការពារគ្នាទៅវិញទៅមក នៅពេល​ដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបំពេញទស្សនកិច្ចកម្រមួយ ទៅកាន់កូរ៉េខាងជើង កាលពីឆ្នាំមុន៕