(វ៉ាស៉ីនតោន)៖ សេតវិមាន កាលពីថ្ងៃពុធសប្តាហ៍នេះ បានហាមឃាត់អ្នកកាសែត ៣នាក់មកពី Reuters និង HuffPost, Der Tagesspiegel ដែលជាកាសែតអាល្លឺម៉ង់ ក៏ដូចជាអ្នកថតរូបរបស់ Associated Press មិនឱ្យចូលយកព័ត៌មាន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅក្រោមគោលនយោបាយថ្មីនៃរដ្ឋបាលអាមេរិក ជុំវិញការផ្សាយព័ត៌មាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥។

មានតែបុគ្គលិកទូរទស្សន៍មកពី ABC និង Newsmax រួមជាមួយនិងអ្នកឆ្លើយឆ្លងព័ត៌មានមកពី Axios, the Blaze, Bloomberg News និង NPR ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតិឱ្យធ្វើសេចក្តីរាយការណ៍។ ថ្មីៗនេះ រដ្ឋបាលលោក ត្រាំ បានប្រកាសថា សេតវិមាននឹងកំណត់ថាតើប្រព័ន្ធផ្សព្វផ្សាយណា អាចចូលមកយកព័ត៌មានរបស់លោកប្រធានាធិបតីបាន នៅក្នុងការិយាល័យ Oval Office ដែលមានលក្ខណៈតូចចង្អៀត។

តាមអ្នកនាំពាក្យមានសេតវិមាន លោកស្រី Karoline Leavitt ខណៈនៅមានតែស្ថាប័នប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ត្រូវបានអនុញ្ញាតឱ្យចូលយកព័ត៌មានរបស់ប្រធានាធិបតី ជារៀងរាល់ថ្ងៃ រដ្ឋបាលក៏គ្រោងបន្ថយចំនួនអ្នកដែលអាចចូលយកព័ត៌មានបានផងដែរ។ សមាគមអ្នកឆ្លើយឆ្លងព័ត៌មាននៃសេតវិមាន (WHCA) នឹងធ្វើការជ្រើសរើសឱ្យទូរទស្សន៍ វិទ្យុ បណ្តាញព័ត៌មាន និងអ្នកកាសែតថតរូបណា ដែលអាចចូលយកព័ត៌មាន ហើយចែករំលែកសេចក្តីរាយការណ៍របស់ពួកគេ។

គួរបញ្ជាក់ថា WHCA បានសម្របសម្រួលការចូលយកព័ត៌មាន អស់រយៈពេលជាយូមកហើយ ខណៈ Reuters ដែលជាបណ្តាញព័ត៌មានអន្តរជាតិ ក៏បានចូលរួមក្នុងក្រុមនេះ អស់ច្រើនទសវត្សរ៍មកហើយដែរ។ បណ្តាញព័ត៌មានចំនួន ៣ គឺ AP, Bloomberg និង Reuters បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងគោលនយោបាយថ្មីនេះ៕