(ហ៊្សេរុយសាឡិម)៖ ក្រុមហាម៉ាស បានប្រគល់សាកសពចំណាប់ខ្មាំងអ៉ីស្រាអែល ៤នាក់ ខណៈកំពុងទទួលអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់មកពីអ៉ីស្រាអែលវិញ បន្ទាប់ពីជាប់គាំងតាំងពីថ្ងៃសៅរ៍សប្តាហ៍មុន នៅក្នុងលក្ខខណ្ឌដោះដូរចុងក្រោយដំណាក់កាលទី១ នៃបទឈប់បាញ់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥។

អ៉ីស្រាអែល​ បានបដិសេធដោះលែងអ្នកទោសប៉ាឡេស្ទីនជាង ៦០០នាក់ បន្ទាប់ពីក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង ៦នាក់កាលពីថ្ងៃសៅរ៍ ដោយនិយាយថា មានការរៀបចំពិធីដ៏គួរឱ្យអាម៉ាស់។ អង្គការសហប្រជាជាតិ នៅពេលនោះ ក៏បានរិះគន់ដែរថា ក្រុមហាម៉ាស់បានបង្ហាញមុខចំណាប់ខ្មាំងនៅរស់ និងដង្ហែរមឈូសនៅចំពោះមុខហ្វូងជាច្រើនក្នុងតំបន់ហ្កាហ្សា មុនពេលប្រគល់ពួកគេមកវិញ។

ប៉ុន្តែ ការប្រគល់នាពេលនេះ មិនមានរៀបចំពិធីអ្វីឡើយ​ ដោយការិយាល័យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានទទួលដោយផ្ទាល់ នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ ក្រុមហាម៉ាស ក៏បានបញ្ជាក់អត្តសញ្ញាណចំណាប់ខ្មាំង ទៅតាមការស្នើរបស់ក្រសួងសុខាភិបាលអ៉ីស្រាអែលផងដែរ។

គួរបញ្ជាក់ថា អ្នកជាប់ឃុំប៉ាឡេស្ទីនដែលត្រូវដោះលែង រួមមានបុរស ៤៤៥នាក់ ស្ត្រី ២៤នាក់ និងអនីតិជនដែលត្រូវបានចាប់ខ្លួននៅហ្កាហ្សា ក៏ដូចជាអ្នកទោសចំនួន ១៥១នាក់ ដែលទទួលការកាត់ទោសប្រហារជីវិត សម្រាប់ការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ទៅលើទឹកដីអ៉ីស្រាអែល។

នៅក្រោមដំណាក់កាលទី ១នៃបទឈប់បាញ់ ដែលចូលជាធរមានកាលពីថ្ងៃទី១៩ ខែមករា តម្រូវឱ្យដោះដូរចំណាប់ខ្មាំងអ៉ីស្រាអែល ៣៣នាក់ ជាមួយនិងអ្នកទោស អ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល ២ ០០០នាក់ និងការដកកងទ័ពអ៉ីស្រាអែលចេញពីទីតាំងមួយចំនួននៅហ្កាហ្សា ក៏ដូចជាអនុញ្ញាតឱ្យមានលំហូរនៃជំនួយមនុស្សធម៌។

ប៉ុន្តែបទឈប់បាញ់រយៈពេល ៤២ថ្ងៃដែលត្រូវផុតកំណត់ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ជុំវិញការដោះលែងចំណាប់ខ្មាំងនៅសល់ចំនួន ៥៩នាក់ ហើយការចរចាដំណាក់កាលទីពីរអាចចាប់ផ្តើមបាននៅពេលណា៕