(វែលីងតោន)៖ នូវែលសេឡង់ និងវៀតណាម បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ ជាមួយការសន្យាថានឹងជំរុញការចូលរួមក្នុងវិស័យជាច្រើន រួមមាន ការពារជាតិ និងអប់រំជាដើម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សេចក្ដីថ្លែងការណ៍រួមមួយបានឱ្យដឹងថា ទីក្រុងហាណូយ និងទីក្រុងវែលីងតោន នៅឆ្នាំក្រោយនឹងអភិវឌ្ឍផែនការសកម្មភាពរួមគ្នាមួយ ដោយផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យចូលរួមនយោបាយ សន្តិសុខការពារជាតិ មហាសមុទ្រ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការប្រែប្រួលអាកាសធាតុ វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំឡុងទស្សនកិច្ចមួយទៅកាន់ប្រទេសវៀតណាម ដើម្បីប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។
លោក Luxon បានគូសបញ្ជាក់ដូច្នេះថា «ការពង្រឹងទំនាក់ទំនងរបស់យើងជាមួយវៀតណាម គឺពិតជាមានសារៈសំខាន់ណាស់ចំពោះអនាគតសេដ្ឋកិច្ចរបស់នូវែលសេឡង់ ជាមួយកាលានុវត្តភាពបន្ថែមសម្រាប់ បណ្ដាក្រុមហ៊ុននៅក្នុងស្រុកអាចចូលទៅកាន់ទីផ្សារដ៏សំខាន់មួយ»។ លោកបន្ថែមថា វៀតណាមគឺជាតារាកំពុងរះនៅក្នុងតំបន់អាស៊ី ហើយឱកាសធ្វើការជាមួយគ្នាស្ដីពីគោលដៅរួមគឺមានច្រើនអនេក៕