(តៃប៉ិ)៖ តៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ បានឱ្យដឹងថាខ្លួនបានប្រទះឃើញយន្ដហោះយោធាចិន៤៥គ្រឿង នៅក្បែរដែនកោះរបស់ខ្លួន ហើយដែលនេះជាតួលេខខ្ពស់បំផុតមួយនៅក្នុង២០២៥នេះ និងបានកើតឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងតៃប៉ិ ថ្កោលទោសការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន នៅភាគខាងត្បូងនៃកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ទៀតថាក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ៦ព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្ដហោះយោធាចិន៤៥គ្រឿង និងនាវាចម្បាំង១៤គ្រឿង ត្រូវបាន ប្រទះឃើញនៅក្បែរដែនកោះតៃវ៉ាន់។ ចិនបានអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានគំរាមម្ដងហើយម្ដងទៀតថានឹងប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិក្នុងករណីចាំបាច់។ កាលពីថ្ងៃពុធ វិញ តៃវ៉ាន់បាននិយាយថាចិនបានដឹកនាំការធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយមិនបានជូនដំណឹងជាមុន នៅក្នុងតំបន់មួយស្ថិតនៅចម្ងាយប្រហែល៧៤គីឡូម៉ែត្រពីឆ្នេរភាគខាងត្បូងនៃកោះតៃវ៉ាន់ ដែលទីក្រុង តៃប៉ិ បានថ្កោលទោសដោយចាត់ទុកថាជាទង្វើគ្រោះថ្នាក់ និងបំពានបទដ្ឋានអន្តរជាតិ។

ចិនបានបង្កើនការដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងនៅជុំវិញកោះតៃវ៉ាន់ ក្នុងរយ​ៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបញ្ជាក់ពីការទាមទារអធិបតេយ្យរបស់ខ្លួនលើកោះតៃវ៉ាន់៕