(កៀវ)៖​​ នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​ លោក Denys Shmyhal នៅថ្ងៃពុធនេះ បាន​បង្ហាញ​ព័ត៌មាន​លម្អិត ​នៃ​កិច្ច​ព្រមព្រៀង​រ៉ែ​ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​បញ្ជាក់​ថា​ពាក្យពេចន៍​ក្នុង​កិច្ច​ព្រមព្រៀង​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ទីក្រុង​វ៉ាស៊ីន តោន​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទីក្រុង​កៀវ ក្នុង​ការ​ទទួល​បាន​ការ​ធានា​សន្តិសុខ​ ប៉ុន្តែ​មិន​មាន​ការ​សន្យា​ជាក់លាក់​ណា​មួយ​នៅ​ឡើយ​ទេ។ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងតាមទូរទស្សន៍ លោកនាយករដ្ឋមន្ត្រីបានលាតត្រដាងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដោយបញ្ជាក់ថា អ៊ុយក្រែននឹងបែងចែក ៥០% នៃ «ប្រាក់ចំណូលដែលទទួលបាននាពេលអនាគត ពីការធ្វើអាជីវកម្មលើទ្រព្យសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ»។ ប្រាក់ចំណូលទាំងនេះ នឹងត្រូវដាក់ចូលក្នុងមូលនិធិរួមមួយ ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកនិងអ៊ុយក្រែន។ លោកបានបញ្ជាក់បន្ថែមថា «ប្រាក់បញ្ញើ សម្ភារៈបរិក្ខារ អាជ្ញាប័ណ្ណ និងកិច្ចសន្យាជួលដែលមានស្រាប់មិនត្រូវរាប់បញ្ចូល ក្នុងការចរចាបង្កើតមូលនិធិនេះឡើយ»

កិច្ច​ព្រមព្រៀង​នេះ​ គឺ​ជា​ចំណុច​ស្នូល​នៃ​កិច្ច​ប្រឹងប្រែង​របស់​អ៊ុយក្រែន ​ក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​ដ៏​រឹងមាំ​ពី​លោក ដូណាល់ ត្រាំ ខណៈ​ដែលប្រធានាធិបតីអាមេរិករូបនេះ ខិតខំ​បញ្ចប់​សង្គ្រាម​អ៊ុយក្រែនយ៉ាង​ឆាប់​រហ័ស​ ដែល​ជា​ការណ៍​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អ៊ុយក្រែន​ព្រួយ​បារម្ភ​ថា​ អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​របស់​អ៊ុយក្រែន។

លោក Shmyhal បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​អនុម័ត​សេចក្តី​ព្រាង​កិច្ច​ព្រមព្រៀង​នៅ​​ថ្ងៃ​ពុធ​នេះ ដើម្បី​ឱ្យ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskiy អាច​ចុះ​ហត្ថលេខា​ ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃសុក្រខាងមុខ ជាថ្ងៃដែលលោកគ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

លោកបានគូសបញ្ជាក់ពីលក្ខខណ្ឌ សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែបឋម ដោយតំណាងរដ្ឋាភិបាលអ៊ុយក្រែនថា «ការចុះហត្ថលេខានឹងកើតឡើង តែបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន និងប្រធានាធិបតីសហរដ្ឋអាមេរិក ឯកភាពលើការធានាសន្តិសុខ និងវិធីសាស្ត្រ ក្នុងការបញ្ចូលការធានាទាំងនោះ ទៅក្នុងកិច្ចព្រមព្រៀង ព្រមទាំងធ្វើឡើងក្នុងវត្តមានរបស់មេដឹកនាំទាំងពីរ»៕