(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកម្នាក់ និងមន្ត្រីអ៊ុយក្រែនម្នាក់ បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី២៥ ខែកុម្ភៈថាអ៊ុយក្រែនបានឯកភាពលើកិច្ចព្រមព្រៀងមួយដើម្បីបង្វិលលុយដែលប្រមូលបានពីធនធានរ៉ែ មួយចំនួនរបស់ខ្លួនទៅឱ្យសហរដ្ឋអាមេរិក បន្ទាប់ពីការបង្កើនការដាក់សម្ពាធយ៉ាងខ្លាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ លោក ត្រាំផ្ទាល់ក៏បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានដែរថា លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី មានបំណងធ្វើដំណើរទៅជួបរូបលោកក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីស៊ីញេលើកិច្ចព្រមព្រៀងដ៏ធំមួយនៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ។
* តើអ្វីទៅជាលក្ខខណ្ឌនៃកិច្ចព្រមព្រៀង?
សេចក្ដីលម្អិតចុងក្រោយនៃកិច្ចព្រមព្រៀង ក្នុងនោះរួមមានទាំងចំនួនទឹកប្រាក់ដែលអ៊ុយក្រែននឹងត្រូវបង់ទៅឱ្យសហរដ្ឋអាមេរិក មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនោះទេ។ ប៉ុន្តែ សេចក្ដីព្រាងនៃ កិច្ចព្រមព្រៀងដែលត្រូវបានពិភាក្សាកាលពីថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ លែងមានបញ្ចូលទៀតហើយនូវសំណើទាមទារឱ្យអ៊ុយក្រែនបង្វិលលុយ ៥០០ពាន់លានដុល្លារ ទៅកាន់មូលនិធិមួយគ្រប់គ្រង ដោយសហរដ្ឋអាមេរិក។ វាក៏មិនមានទៀតនោះដែរលក្ខខណ្ឌមួយដែលតម្រូវឱ្យអ៊ុយក្រែនសងប្រាក់ឱ្យសហរដ្ឋអាមេរិកទ្វេដង ជាថ្នូរនឹងការទទួលបានជំនួយណាមួយរបស់សហរដ្ឋអាមេរិក នៅពេលអនាគត។ ក្រោយសហរដ្ឋអាមេរិកលុបចោលលក្ខខណ្ឌតឹងរ៉ឹងមួយចំនួន អ៊ុយក្រែនកាន់តែមានបំណងទទួលយកកិច្ចព្រៀមព្រៀងកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។
តាមសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងខាងលើ អ៊ុយក្រែននឹងត្រូវបង់ប្រាក់ចូលទៅកាន់មូលនិធិមួយ នូវចំណូលពាក់កណ្ដាលដែលខ្លួនប្រមូលបានពីធនធានធម្មជាតិ ក្នុងនោះរួមមានរ៉ែសំខាន់ៗ ប្រេង និងឧស្ម័ន។ រីឯ សហរដ្ឋអាមេរិកវិញ នឹងគ្រប់គ្រងជាអតិបរមាលើមូលនិធិនេះនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ហើយមូលនិធិនឹងត្រូវបែងចែកជាការវិនិយោគឡើងវិញនៅក្នុងប្រទេស អ៊ុយក្រែន។
* ការធានាសន្តិសុខ
លោក ហ្សេលេនស្គី បានលើកឡើងម្ដងហើយម្ដងទៀតពីតម្រូវការចាំបាច់នៃការធានាសន្តិសុខសម្រាប់ប្រទេសរបស់លោក ជាថ្នូរនឹងការចុះកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក ខណៈសង្រ្គាម ឈ្លានពានរបស់រុស្ស៉ីបានឆ្លងចូលដល់ឆ្នាំទី៤។ ប៉ុន្តែ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងខាងលើដែលកាសែតអាមេរិក New York Times បានពិនិត្យឡើងវិញ គឺមិនមានបញ្ចូលការធានាសន្តិសុខ ដែលអ៊ុយក្រែងចង់បាននោះទេ។
* នីតិវិធីអនុម័ត
បើតាមមន្ត្រីអាមេរិកម្នាក់ សេចក្ដីព្រាងចុងក្រោយដែលត្រូវបានបកប្រែពីភាសាអង់គ្លេសទៅជាភាសាអ៊ុយក្រែន ត្រូវបានបញ្ជូនទៅដល់ដៃអ៊ុយក្រែនកាលពីថ្ងៃអង្គារ។ មន្ត្រីអាមេរិករូបនេះដដែល បានឱ្យដឹងទៀតថា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងសមភាគីអ៊ុយក្រែនរបស់លោក ត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមុន ហើយបន្ទាប់មកទើបលោក ហ្សេលេនស្គី ត្រូវបានរំពឹងថានឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីស៊ីញេកិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតី ត្រាំ។
* តើអ៊ុយក្រែនមានរ៉ែអ្វីខ្លះ?
តាមការសិក្សាស្រាវជ្រាវដោយសាកលវិទ្យាល័យ Kyiv School of Economics បន្ថែមពីលើរ៉ែកម្រ អ៊ុយក្រែនមានរ៉ែសំខាន់ៗច្រើនជាង១០០ប្រភេទ រួមជាមួយធនធានប្រេង និងឧស្ម័នធម្មជាតិ ដ៏សម្បើម។ រ៉ែកម្រ គឺជាក្រុមមួយនៃលោហៈចំនួន១៧ ដែលកម្រមាននៅលើពិភពលោក និងត្រូវបានប្រើដោយមិនអាចខ្វះបានសម្រាប់យានយន្ត ទូរស័ព្ទ ប្រព័ន្ធមីស៊ីល និងឧបករណ៍អេឡិចត្រូនិក។ វិទ្យាស្ថានភូមិវិទ្យាអាមេរិក U.S. Geological Survey បានចាត់ទុករ៉ែចំនួន៥០ មានសារៈសំខាន់បំផុត ហើយក្នុងនោះមានរ៉ែកម្រជាច្រើនប្រភេទ ដូចជា nickel និង lithium។ ចំណែក វិទ្យាស្ថាន Institute of Geology វិញបានឱ្យដឹងថា អ៊ុយក្រែនកាន់កាប់រ៉ែកម្រមានដូចជា lanthanum និង cerium ដែលត្រូវបានប្រើក្នុងការផលិតទូរទស្សន៍ និងអំពូល neodymium ប្រើនៅក្នុងតួប៊ីនខ្យល់ និងអាគុយរថយន្ដអគ្គិសនី ហើយ erbium និង yttrium ត្រូវបានប្រើនៅក្នុងឧបករណ៍ជាច្រើនរាប់ចាប់ពីថាមពលនុយក្លេអ៊ែរ រហូតដល់ឡាស៊ែរ។ វិទ្យាស្ថានស្រាវជ្រាវទំនុកបម្រុងដោយ សហភាពអឺរ៉ុបមួយនេះក៏បានរកឃើញដែរថាអ៊ុយក្រែនមានរ៉ែ scandium។
លោក ហ្សេលេនស្គី បានអះអាងថាអ៊ុយក្រែន មានស្ដុករ៉ែកម្រ titanium និង uranium ធំជាងគេបំផុតក្នុងតំបន់អឺរ៉ុប។ មិនតែប៉ុណ្ណោះ បើតាម World Economic Forum អ៊ុយក្រែនថែមទាំងជា អ្នកផ្គត់ផ្គង់ដ៏សំខាន់នូវរ៉ែ lithium, beryllium, manganese, gallium, zirconium, graphite, apatite, fluorite និង nickel ទៀតផង។ ដោយឡែក ស្ថាប័ន State Geological Surveys បាននិយាយថាអ៊ុយក្រែនមានស្ដុករ៉ែ lithium ជាង ៥០០ ០០០តោន ដែលត្រូវប្រើជាចាំបាច់ សម្រាប់អាគុយ សេរ៉េមិក និងកែវ។ រ៉ែ Titanium ត្រូវបានស្ដុកទុកភាគច្រើននៅតំបន់ភាគពាយព្យ និងកណ្ដាលនៃប្រទេសអ៊ុយក្រែន ខណៈរ៉ែ lithium មាននៅភាគកណ្ដាល ខាងកើត និងភាគអាគ្នេយ៍។
លើសពីនេះទៅទៀត អ៊ុយក្រែននៅមានស្ដុករ៉ែ graphite ដែលជាសមាសធាតុដ៏សំខាន់នៅក្នុងអាគុយរថយន្ដអគ្គិសនី និងរ៉េអាក់ទ័រនុយក្លេអ៊ែរ តំណាងឱ្យ ២០ភាគរយនៃរ៉ែ graphite នៅលើពិភពលោក៕