(ម៉ូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃពុធនេះបានបញ្ជាក់ថា រុស្ស៊ីនិងសហរដ្ឋអាមេរិក កំពុងរៀបចំកិច្ចពិភាក្សាបន្ថែមទៀតកម្រិតអ្នកជំនាញ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះវិបត្តិអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចពិភាក្សានេះ គឺជាការបន្តពីកិច្ចប្រជុំកម្រិតខ្ពស់កាលពីសប្តាហ៍មុន និងការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីពូទីន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរំឭកឡើងវិញថា មានការយោគយល់គ្នាថា លោក ពូទីន និងលោក ត្រាំ នឹងជួបគ្នាដោយផ្ទាល់ បន្ទាប់ពីមានការរៀបចំយ៉ាងហ្មត់ចត់ ប៉ុន្តែបានបញ្ជាក់ថា មិនទាន់មានព័ត៌មានលម្អិត អំពីពេលវេលានិងទីកន្លែងនៃជំនួបនោះនៅឡើយទេ។ លោកបានបន្ថែមថា មេដឹកនាំទាំងពីរ អាចនឹងនិយាយគ្នាតាមទូរសព្ទម្តងទៀត ប្រសិនបើចាំបាច់ ប៉ុន្តែបច្ចុប្បន្នមិនទាន់មានគម្រោងទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញពីបំណង ក្នុងការនាំមកនូវបទឈប់បាញ់ នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់លោក ក្នុងការជួសជុលទំនាក់ទំនង ជាមួយទីក្រុងមូស្គូ ដែលផ្ទុយពីគោលនយោបាយរបស់រដ្ឋបាលមុនៗ បានបង្កើនការភ័យខ្លាចដល់ទីក្រុងកៀវ និងក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនថា ពួកគេអាចនឹងត្រូវបានបោះបង់ចោល៕