(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Apple បានឱ្យដឹងនៅថ្ងៃអង្គារថា ការលក់ប្រចាំឆ្នាំរបស់ខ្លួនបានធ្លាក់ចុះមកនៅត្រឹម ២១៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៦ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា បើធៀបទៅនឹងឆ្នាំ២០១៥ ដែលការលក់មានរហូតទៅដល់ ២៣៤ពាន់លានដុល្លារ ហើយនេះអាចនិយាយបានថា វាជាការធ្លាក់ចុះជាលើកដំបូងគិតចាប់តំាងពីឆ្នាំ២០០១មក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានCNN នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។
ទន្ទឹមគ្នានោះដែរ ក្រុមហ៊ុន Apple បានបញ្ជាក់ទៀតថា ការធ្លាក់ចុះនៃការលក់នេះ គឺមានជាប់ពាក់ពន្ធ័នឹងការ ធ្លាក់ចុះការលក់ទូរស័ព្ទដៃ iPhone ដោយនៅក្នុងត្រីមាសខែកញ្ញា Apple លក់ iPhone បាន៤៥.៥លានគ្រឿង ប៉ុន្តែបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន Apple អាចលក់ iPhone បានចំនួន៤៨លានគ្រឿង។
ក្រុមអ្នកវិភាគជាច្រើនបានបង្ហាញក្ដីព្រួយបារម្ភ ចំពោះទីផ្សារចង្អៀតសម្រាប់ទូរស័ព្ទដៃស្មាតហ្វូន ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានថ្លែងថា ការបញ្ជរទិញទូរសព្ទដៃ iPhones ជំនាន់ ថ្មីជាពិសេសគឺ Iphone 7 plus កំពុងលើសការផ្គត់ផ្គង់នៅតាមទីផ្សារ និងបណ្ដាប្រទេសមួយចំនួន៕