ន័រវែស និងដាណឺម៉ាក សម្លឹងរកការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ
26-02-2025 16:27
(ស្តុកខុល)៖ ន័រវែស និងដាណឺម៉ាក ដែលជាសមាជិកនៃអង្គការណាតូ (NATO) បានប្រកាសបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ទាំងនៅក្រោមក្របខណ្ឌណាតូ និងក្នុងនាមប្រទេសអឺរ៉ុបខាងជើង ហើយគ្រោងបង្ហាញផែនការជាក់លាក់ នៅខែឧសភា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។
សេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ បានគូសបញ្ជាក់ថា «ក្នុងចំណោមកិច្ចសហប្រតិបត្តិនោះ នឹងមានការស្វែងរកឱកាស ធ្វើឱ្យទំនាក់ទំនងផ្នែកឧស្សាហកម្មកាន់តែរឹងមាំ ដើម្បីគាំទ្រដល់វិស័យការពារជាតិ និងការប្តេជ្ញាចិត្តចំពោះអ៊ុយក្រែន។ ប្រទេសទាំងពីរ ក៏នឹងពិនិត្យវិធីសាស្រ្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក និងរបៀបដែលយើងអាច អភិវឌ្ឍកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត នៅក្នុងតំបន់អាត្លង់ទិកខាងជើង»។
គួរបញ្ជាក់ថា បណ្តាមេដឹកនាំនៅអឺរ៉ុប កំពុងថ្លឹងថ្លែងលើជម្រើសរបស់ពួកគេ សម្រាប់ការបង្កើនការចំណាយលើវិស័យការពារជាតិ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យសមាជិកណាតូបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួន៕