(វ៉ាស៊ីនតោន)៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍អាមេរិកបានលើកឡើងថា រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យ កូរ៉េខាងជើងបោះបង់ចោលកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួននោះ ប្រហែលជាគ្មានសង្ឃឹមថានឹងអាច ទទួលបានជោគជ័យនោះឡើយ ហើយការដាក់កម្រិតទៅលើសមត្ថភាពអាវុធនុយក្លេអ៊ែររបស់របបដឹកនាំ ទីក្រុងព្យុងយ៉ាងគឺជារឿងល្អបំផុតដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីទំនាក់ទំនងការបទេសលោក James Clapper បានសង្កត់ធ្ងន់ថា «ខ្ញុំគិតថាគំនិត ដែលចង់បង្ខំឲ្យកូរ៉េខាងជើងលុបចោលនូវកម្មវិធីនុយក្លេអ៊ែរនោះ គឺវាគ្មានសង្ឃឹមថានឹងអាចទៅរួចនោះឡើយ ពីព្រោះថាវាហេតុផលនៃការរស់រានមានជីវិតរបស់ពួកគេ។ ខ្ញុំធ្លាប់ភ្លក់រស់ជាតិបែបនឹងរួចមកហើយ នៅពេលដែលខ្ញុំនៅប្រទេសកូរ៉េខាងជើង ដោយខ្ញុំបានយល់ និងបានដឹងពីការគិតឃើញរបស់ពួកគេ ចំពោះពិភពលោកហើយពួកគេកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធពីអន្តរជាតិមួយវិញទៀតប្រទេស កូរ៉េខាងជើងងាយនឹងភ័យព្រួយព្រមទាំងគិតផ្តេសផ្តាសណាស់ »។
ប្រធានទីភ្នាក់ងារស៊ើបការណ៍ជាតិអាមេរិករូបនេះបានបន្តថា «ដូច្នេះហើយគំនិតនៃការបោះបង់ចោល អាវុធនុយក្លេអ៊ែររបស់ពួកគេទោះវាជាទម្រង់អ្វីក៏ដោយ គឺគ្មានផ្លូវអាចទៅរួចជាមួយ កូរ៉េខាងជើងនោះឡើយ ហើយអ្វីដែលយើងអាចសង្ឃឹមបាននោះ គឺការដាក់ការគ្របដណ្តប់ទៅលើកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ប៉ុន្តែប្រទេសកូរ៉េខាងជើង ច្បាស់ជាមិនអនុញ្ញាតឲ្យយើងធ្វើបែបនោះទេ ដូចដែលយើងធ្លាប់ស្នើ ទៅនោះឡើយ វាចាំបាច់ត្រូវតែមានការលួងលោម ឬការដោះដូរមួយដ៏សក្តិសម»។
យ៉ាងមិញអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kirby បានអះអាងថាសហរដ្ឋអាមេរិក មិនបានបោះបង់គោលបំណងក្នុងលុបបំបាត់កម្មវិធីនុយក្លេអ៊ែរនោះឡើយ ដោយលោកបានគូសបញ្ជាក់ ដូច្នេះថា «គ្មានអ្វីផ្លាស់ប្តូរនោះឡើយនៅក្នុងគោលនយោបាយរបស់យើង ពាក់ព័ន្ធជាមួយនិងប្រទេស កូរ៉េខាងជើង ហើយពួកយើងនៅតែបន្តចង់ មើលឃើញមានការលុបបំបាត់អាវុធនុយក្លេអ៊ែរដោយជោគជ័យ នៅតំបន់ឧបទ្វីបកូរ៉េ»៕