(ឡុងដ៍)៖ កាលពីថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយថា រូបលោកនឹងបង្កើន​ការចំណាយប្រចាំឆ្នាំ លើវិស័យយោធា ឱ្យដល់២.៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៧ និងដាក់គោលដៅ​ដំឡើងឱ្យដល់៣ភាគរយ នាពេលអនាគតខាងមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មុនពេលត្រូវចេញដំណើរ ដើម្បីទៅជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដល់ទីក្រុងវ៉ាស៉ីនតោន លោក Starmer បានប្រាប់សភាអង់គ្លេសថា រូបលោកសម្រេចបង្កើនការចំណាយលើយោធាបែបនេះ ដើម្បីផ្តល់ការគាំទ្របន្ថែមដល់អឺរ៉ុប ស្របពេល​សហរដ្ឋអាមេរិក កំពុងជំរុញកិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី ជុំវិញបញ្ហាសង្រ្គាមអ៊ុយក្រែន។

លោក Starmer បាននិយាយថា ការបង្កើនខាងលើ នឹងមើលឃើញ ចក្រភពអង់គ្លេស ចំណាយថវិកាលើវិស័យការពារជាតិ នៅឆ្នាំ២០២៧ ចំនួន១៣.៤ពាន់លានផោន (១៧ពាន់លានដុល្លារអាមេរិក) ច្រើនជាងមុនក្នុងមួយឆ្នាំ ធៀបនឹងពេលបច្ចុប្បន្ន។ ក្នុងឆ្នាំសារពើពន្ធ២០២៣-២០២៤ ក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ខ្លួនបានចំណាយថវិកាចំនួន៥៣.៩ពាន់លានផោន។ បើតាមលោក Starmer ដើម្បីបំពេញគោលដៅនេះ កញ្ចប់ថវិកាជំនួយអន្តរជាតិ នឹងត្រូវបន្ថយ ពី០.៥ភាគរយនៃចំណូលជាតិសរុប (GNI) មកត្រឹម០.៣ភាគរយ នៅឆ្នាំ២០២៧។

គួរបញ្ជាក់ថា ការប្រកាសខាងលើរបស់លោក Starmer គឺជាសញ្ញាយ៉ាងច្បាស់មួយ ចង់បង្ហាញទៅកាន់ប្រធានាធិបតីអាមេរិក មុនពេលជួបគ្នានៅវ៉ាស៉ីនតោន ដើម្បីបង្ហាញថា ចក្រភពអង់គ្លេសនឹងព្យាយាម ដឹកនាំប្រទេសអឺរ៉ុបដទៃទៀត ផ្តល់ការគាំទ្របន្ថែម​ដល់បក្សសម្ព័ន្ធយោធា NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីលោក ដូណាល់ ត្រាំ បានបង្ហាញចេតនាចង់ឱ្យ​បណ្តាប្រទេសជាសមាជិក ចំណាយរហូតដល់៥ភាគរយ នៃ GDP របស់ពួកគេ ទៅលើវិស័យយោធា៕