(កៀវ)៖ របាយការណ៍សិក្សាវាយតម្លៃថ្មីមួយ ចងក្រងរួមគ្នាដោយធនាគារពិភពលោក អង្គការសហប្រជាជាតិ គណៈកម្មការអឺរ៉ុប និង​រដ្ឋាភិបាលអ៊ុយក្រែនផ្ទាល់ បានរកឃើញថា គិតនៅត្រឹមពេលនេះ ទំហំថវិកាប៉ាន់ស្មានដែលចាំបាច់ ដើម្បីកសាងប្រទេសអ៊ុយក្រែន ឡើងវិញ បានកើនដល់ ៥២៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

វាគឺជាកំណើន៧ភាគរយ ធៀបនឹងថវិកាប៉ាន់ស្មានចំនួន៤៨៦ពាន់លានដុល្លារ កាលពីមួយឆ្នាំមុន ហើយវិស័យលំនៅដ្ឋាន ដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងអប់រំ គឺជាវិស័យរងការប៉ះពាល់ខ្លាំងជាងគេ។ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា មួយឆ្នាំមកនេះ ទំហំនៃតម្រូវការកសាងប្រទេសឡើងវិញរបស់អ៊ុយក្រែន នៅតែបន្តកើនឡើង ដោយសារតែការបន្តវាយប្រហាររបស់រុស្សស៉ី។

របាយការណ៍ខាងលើ បានកត់សម្គាល់ថា ការខូចខាតនៃវិស័យថាមពលរបស់អ៊ុយក្រែន បានកើន៧០ភាគរយ ធៀបនឹងរយៈពេល​១ឆ្នាំមុន។ ក្នុងចំណោមតម្រូវការរយៈពេលវែងសរុប វិស័យលំនៅដ្ឋានរបស់អ៊ុយក្រែន ទាមទារប្រមាណ៨៤ពាន់លានដុល្លារ ខណៈ​វិស័យដឹកជញ្ជូនទាមទារជិត ៧៨ពាន់លានដុល្លារ, ថាមពលនិងរ៉ែត្រូវការជិត៦៨ពាន់លានដុល្លារ, ពាណិជ្ជកម្មនិងឧស្សាហកម្មត្រូវការជាង ៦៤ពាន់លានដុល្លារ ហើយកសិកម្មគឺជាង ៥៥ពាន់លានដុល្លារ។

គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានឈានដល់គម្រប់ខួប៣ឆ្នាំគត់ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ស្របពេល​ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងប្រឹងប្រែងស្វែងរកទីបញ្ចប់សម្រាប់ជម្លោះនេះ តាមរយៈកិច្ចពិភាក្សាផ្សេងគ្នា ជាមួយរុស្ស៉ីនិងអ៊ុយក្រែន៕