(មូស្គូ)៖ ក្រុមមន្រ្តីរុស្ស៉ី បានឱ្យដឹងនៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ នេះថា អ៊ុយក្រែនបើកបានការវាយប្រហារពេញមួយយប់ ដោយប្រើប្រាស់យន្តហោះដ្រូន មកលើតំបន់ Krasnodar ភាគខាងត្បូងប្រទេស បង្កការខូចខាតដល់ផ្ទះជាច្រើនខ្នង រួមទាំងនៅក្រុងកំពង់ផែ Tuapse នៃសមុទ្រខ្មៅផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អភិបាលតំបន់ លោក Veniamin Kondratyev និយាយថា ផ្ទះប្រជាពលរដ្ឋ ៣ខ្នងបានរងការខូចខាត នៅទូទាំងតំបន់ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ អំពីអ្នករងរបួសនៅឡើយទេ។ លោក Sergei Boiko ប្រធានសាលាក្រុង Tuapse បានឱ្យដឹងថា ផ្ទះមួយខ្នងនៅក្រុងកំពង់ផែ Tuapse ត្រូវឆាបឆេះប៉ុន្តែបានពន្លត់ទាន់ពេល។ ប្រព័ន្ធការពារដែនអាកាស កំពុងស្ទាក់ចាប់ដ្រូននៅឡើយ។ ភ្លាមៗ គេនៅមិនទាន់ដឹងអំពីទំហំនៃការខូចនៅឡើយទេ។
តាមបណ្តាញព័ត៌មាន SHOT News Telegram របស់រុស្ស៉ី យន្តហោះដ្រូនអ៊ុយក្រែន ហាក់ដូចជាសំដៅមកកាន់កំពង់ផែ ហើយអ្នកស្រុកបានឮសំឡេងផ្ទុះប្រហែល ៤០លើក។ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបានទេ ខណៈដែលអ៊ុយក្រែនមិនទាន់មានការឆ្លើយតប។
គួរបញ្ជាក់ថា Tuapse គឺជាទីនៃរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់រុស្ស៉ី នៅលើសមុទ្រខ្មៅ ដែលត្រូវបានកំណត់គោលដៅ ដោយដ្រូនអ៊ុយក្រែនជាច្រើនលើកមកហើយ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕