(ដាម៉ាស)៖ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ យន្តហោះចម្បាំងអ៉ីស្រាអែល បានវាយប្រហារលើទីក្រុងមួយ នៅភាគខាងត្បូងរដ្ឋធានីដាម៉ាស ក៏ដូចជាខេត្ត Daraa នៅភាគខាងត្បូងនៃប្រទេសស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។

តាមប្រភពសន្តិសុខ និងទូរទស្សន៍ស៉ីរី យន្តហោះចម្បាំងអ៉ីស្រាអែលបានវាយប្រហារទីក្រុង Kisweh ប្រហែល ២០គីឡូម៉ែត្រ ដោយទីតាំង​យោធា​មួយត្រូវ​បាន​កំណត់​គោលដៅ​។ ចំណែកអ្នកស្រុកនិយាយថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៉ីស្រាអែល​បន្ថែម​ទៀត​ បានធ្វើឡើងនៅទីក្រុង​មួយ​នៃ​ខេត្ត Daraa ភាគ​ខា​ត្បូងប្រទេសស៉ីរី។

អ្នកនាំពាក្យរបស់រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល បានបញ្ជាក់ថា «កងទ័ពអាកាស កំពុងវាយលុកខ្លាំងនៅភាគខាងត្បូងស៉ីរី ដែលជាផ្នែកមួយនៃគោលនយោបាយថ្មី ដែលយើងដាក់គោលដៅធ្វើឱ្យស៊ីរីភាគខាងត្បូងមានសភាពស្ងប់ស្ងាត់ ហើយសារនេះគឺជាសារយ៉ាងច្បាស់ថា យើងនឹងមិនអនុញ្ញាតឱ្យភាគខាងត្បូងស៉ីរី ក្លាយជាលីបង់ភាគខាងត្បូងឡើយ»។ លោកបន្ថែមថា «ការប៉ុនប៉ងណាមួយដោយកងកម្លាំងនៃរបបស៉ីរី និងអង្គការភេរវករក្នុងប្រទេសនេះ ដើម្បីបង្កើតខ្លួននៅក្នុងតំបន់ភាគខាងត្បូងស៉ីរី នឹងត្រូវកម្ទេច»

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បាននិយាយថា អ៉ីស្រាអែល នឹងមិនបណ្តោយឱ្យមានវត្តមានក្រុម HTS ឬកងកម្លាំងផ្សេងទៀតដែលមានទំនាក់ទំនងជាមួយមេដឹកនាំថ្មី នៅភាគខាងត្បូងស៉ីរីឡើយ ហើយបានទាមទារគ្រប់គ្រងតំបន់គ្មានយោធាមួយនេះ៕