(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់ម្នាក់នៅក្នុងទីក្រុងកៀវ បានប្រាប់សារព័ត៌មាន BBC ថាអ៊ុយក្រែនបានយល់ព្រមជាគោលការណ៍ នៅក្នុងកិច្ចព្រមព្រៀងរ៉ែដ៏ធំមួយ ជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។

ដោយមិនផ្តល់ព័ត៌មានលម្អិត មន្រ្តីរូបនោះនិយាយថា «យើងពិតជាបានយល់ព្រមលើលក្ខខណ្ឌល្អៗមួយចំនួន ហើយមើលឃើញថាវាជារឿងវិជ្ជមាន»។ បើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ទីក្រុងវ៉ាស៉ីនតោន បានទម្លាក់ចោលការទាមទារពីដំបូង សម្រាប់សិទ្ធិចំនួន 50/50 នៅក្នុងប្រាក់ចំណូលពីធនធានធម្មជាតិរបស់អ៊ុយក្រែន ប៉ុន្តែមិនបានផ្តល់ការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់ដល់អ៊ុយក្រែននៅឡើយទេ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោករំពឹងថាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងមកកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីចុះកិច្ចព្រមព្រៀងក្នុងសប្តាហ៍នេះ បន្ទាប់ពីមានការជជែកផ្លាស់ប្តូរគ្នាយ៉ាងស៉ីជម្រៅ៕