(កៀវ)៖ សហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃអង្គារសប្តាហ៍នេះថា បានឈានដល់ការឯកភាពគ្នា ទៅលើលក្ខខណ្ឌមួយចំនួននៃសេចក្តីព្រាងកិច្ចព្រមព្រៀងរ៉ែ ដែលទីក្រុងកៀររំពឹងថា នឹងទទួលបានការបន្តគាំទ្រពីទីក្រុងវ៉ាស៉ីនតោន ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្វះស្វែងរកការបញ្ចប់សង្រ្គាមជាមួយភាគីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។

តាមប្រភពដែលដឹងពីខ្លឹមសារនៃសេចក្តីព្រាងកិច្ចព្រមព្រៀងនេះ មិនមានការធានាផ្នែកសន្តិសុខណាមួយ ឬការបន្តផ្តល់អាវុធឡើយ ដោយសហរដ្ឋអាមេរិកគ្រាន់តែលើកឡើងថា ចង់ឱ្យអ៊ុយក្រែន មានសេរីភាព អធិបតេយ្យភាព និងសន្តិសុខ។ ប្រភព​មួយ​ទៀត​និយាយ​ថា​ ការ​បន្តផ្តល់អាវុធ​នា​ពេល​អនាគត​ ស្ថិតក្នុងការពិភាក្សា​រវាង​ក្រុង​វ៉ាស៉ីនតោន ​និងទី​ក្រុងកៀវនៅឡើយ។

គួរបញ្ជាក់ថា នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរ៉ែ ដែលលោក ហ្សេលេនស្គី បានបដិសេធកន្លងមក សហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងបង្កើតមូលនិធិវិនិយោគកសាងឡើងវិញមួយ ដោយប្រមូលថវិកាពីប្រភពចំណូលរបស់អ៊ុយក្រែន រួមទាំងសារធាតុរ៉ែ អ៉ីដ្រូកាបូន និងវត្ថុធាតុដើមដែលអាចទាញយកបានផ្សេងទៀត។ តមក អ៊ុយក្រែន នឹងផ្តល់ចំណែក ៥០ភាគរយនៃចំណូលរបស់ខ្លួនទៅឱ្យសហរដ្ឋអាមេរិក រហូតដល់គ្រប់ចំនួន ៥០០ពាន់លានដុល្លារ។ ចំណែក សហរដ្ឋអាមេរិក​ នឹង​ផ្តល់ការគាំទ្រហិរញ្ញវត្ថុ​រយៈពេល​វែង​ សម្រាប់ការ​អភិវឌ្ឍ​អ៊ុយក្រែន។

លោក ត្រាំ បានប្រាប់អ្នកកាសែតថា លោក ហ្សេលេនស្គី ចង់មកកាន់ទីក្រុងវ៉ាស៉ីនតោន នាថ្ងៃសុក្រនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំមួយ។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បាននិយាយផងដែរថា ទម្រង់នៃដាក់កងទ័ពរក្សាសន្តិភាព គឺជារឿងចាំបាច់នៅអ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម អាចសម្រេចទៅបាន៕