(ម៉ានីល)៖ អតីតក្រុមស្ត្រីបម្រើការសប្បាយដល់កងទ័ពជប៉ុន នៅអំឡុងសង្រ្គាមលោកលើកទី២ បានជម្រុញ ឱ្យប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ លើកឡើងពីស្ថានភាពក៏ដូចជា បញ្ហារបស់ពួកគេនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃពុធស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោកស្រី Rechilda Extremadura នាយកប្រតិបត្តិអង្គការ Lila Pilipina ជាអង្គការអតីតស្ត្រី ដែលត្រូវកងទ័ពជប៉ុនបង្ខំឱ្យធ្វើជាទាសករផ្លូវភេទ នៅអំឡុងសង្រ្គាមលោកលើកទី២ បានសម្ដែងការសោកស្ដាយដោយលើកឡើងដូច្នេះថា «ថ្នាក់ដឹកនាំរបស់យើងមុនៗ បានធ្វើឱ្យពួកយើងបរាជ័យ ព្រោះថាពួកគេខា្លចប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយជប៉ុន ក៏ប៉ុន្តែនៅពេលនេះ យើងជឿជាក់ និងសង្ឃឹមថា លោកប្រធានាធិបតី ឌូធើតេ នឹងយកបញ្ហា ឬស្ថានភាពរបស់ពួកយើង ជារបៀវារៈនៅក្នុងជំនួបជាមួយលោក ស៊ីនហ្សូ អាបេ ហើយយើងនឹងនៅតែបន្តស្វែងរកការទទួលស្គាល់ប្រវត្តិសាស្ត្រនៃស្រី្តដែលត្រូវ បានកងទ័ពជប៉ុនបង្ខំឱ្យធ្វើជាទាសករផ្លូវភេទ»។
សូមជំរាបថា បើតាមអ្នកប្រវត្តិសាស្ត្រ មានស្ត្រីប្រមាណជា ២០០,០០០នាក់ ភាគជាច្រើនជាមកពីកូរ៉េខាងត្បូង ចិន និងហ្វីលីពីន ត្រូវបានកងទ័ពជប៉ុនបង្ខំឱ្យធ្វើជាទាសករផ្លូវភេទនៅអំឡុងសង្រ្គាមលោកលើកទី២៕