(បាងកក)៖ ក្រសួងការបរទេសថៃបាននិយាយ នៅថ្ងៃអង្គារនេះថា ខ្លួនបានស្នើសុំការធ្វើបត្យាប័នមនុស្ស១៩នាក់ ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការប្រមាថ របបរាជានិយម នៅបន្ទាប់ពីព្រះមហាក្សត្រថៃ Bhumibol Adulyadej សោយទិវង្គត់កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាយប់ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។
ថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បានឱ្យដឹងថា លិខិតស្នើសុំធ្វើ បត្យាប័នត្រូវបានបញ្ជូនទៅកាន់បណ្ដាប្រទេស ដែលជនសង្ស័យកំពុងរស់នៅ។ លោក Pramudwinai បន្ថែម ថាវាអាចនឹងមានបញ្ហាមួយចំនួនក្នុងការធ្វើបត្យាប័នជនទាំងនេះ ក្នុងករណីការប្រមាថព្រះមហាក្សត្រមិនមែន ជាអំពើខុសច្បាប់នៅក្នុងប្រទេសដទៃទៀតទេនោះ ប៉ុន្តែរដ្ឋាភិបាលថៃនឹងនៅតែទទូចស្នើសុំកិច្ចសហប្រតិបត្តិការ។
គួររំលឹកថា កាលពីសប្ដាហ៍មុន រដ្ឋាភិបាលយោធាថៃ បានស្នើសុំការធ្វើបត្យាប័នមនុស្សយ៉ាងហោចណាស់ ១៩នាក់ នៅក្នុងប្រទេសចំនួន៧ ក៏ប៉ុន្តែមិនបានបញ្ជាក់ឡើយពីអត្តសញ្ញាណអ្នកទំាងនេះ និង ប្រទេសដែល ពួកគេកំពុងរស់នៅ។ នៅក្នុងប្រទេសថៃ ទោសប្រមាថព្រះមហាក្សត្រ អាចប្រឈមមុខជាប់ពន្ធនាគារយ៉ាងតិច ណាស់១៥ឆ្នាំ៕