(តេអេរ៉ង់)៖ អ៊ីរ៉ង់បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងមិនចុះញ៉មចំពោះសម្ពាធ និងទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិកនោះទេ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi ក្រោយជំនួបជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសនេះធ្វើឡើង ក្រោយពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្តារឡើងវិញនូវយុទ្ធនាការ «សម្ពាធអតិបរមា» លើអ៊ីរ៉ង់។
ក្នុងសន្និសីទសារព័ត៌មានរួម តាមទូរទស្សន៍ជាមួយលោក Lavrov លោក Araqchi បានបញ្ជាក់ថា «ជំហររបស់អ៊ីរ៉ង់ទាក់ទងនឹងការចរចានុយក្លេអ៊ែរគឺច្បាស់លាស់ យើងនឹងមិនចរចាក្រោមសម្ពាធ និងទណ្ឌកម្មឡើយ»។ លោកបានបន្ថែមថា «មិនមានលទ្ធភាពនៃការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកទេ ដរាបណាសម្ពាធអតិបរមាកំពុងត្រូវបានអនុវត្តតាមរបៀបនេះ»។
ទោះបីជា លោក ត្រាំ បានបង្ហាញពីការចង់បាន «កិច្ចព្រមព្រៀង» ជាមួយអ៊ីរ៉ង់ក៏ដោយ ក៏មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានរិះគន់សហរដ្ឋអាមេរិកពីបទមិនគោរពតាមការសន្យា។ ទោះយ៉ាងណា លោកមិនបានបន្តការហាមឃាត់លើការចរចាដោយផ្ទាល់ ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលបានដាក់ចេញក្នុងអំឡុងរដ្ឋបាល លើកដំបូងក្នុងឆ្នាំ ២០១៨ នោះទេ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៨ ប្រធានាធិបតី ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោកចំនួនប្រាំមួយ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង។ ជាការឆ្លើយតប អ៊ីរ៉ង់បានចាប់ផ្ដើមបំពានលើការកំណត់នុយក្លេអ៊ែរដែលមានចែងក្នុងកិច្ចព្រមព្រៀង ដោយបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ ៦០% ដែលជិតដល់កម្រិតអាចផលិតអាវុធបាន ៩០%។ អ៊ីរ៉ង់តែងតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ៕