(សេអ៊ូល)៖ សវនាការលើសំណុំរឿងដកតំណែងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol បានបិទបញ្ចប់ហើយនៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ដែលនេះប្រៀបដូចជាការបិទបញ្ចប់ រឿងភាគនយោបាយមួយដែលអូសបន្លាយពេលជាច្រើនសប្ដាហ៍មកនេះ ចាប់តាំងពីការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់លោក Yoon កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤មក។ លោក Yoon បានប្ដេជ្ញាថានឹងតស៊ូរហូតដល់ ដើម្បីអាយុជីវិតនយោបាយរបស់លោក។

* ដូច្នេះថាតើនឹងមានអ្វីកើតឡើងតទៅទៀត?
ចៅក្រមទាំង៨រូប នៃតុលាការធម្មនុញ្ញកូរ៉េខាងត្បូងនឹងធ្វើការសម្រេចចិត្តថាតើត្រូវបដិសេធ ឬក៏ទទួលស្គាល់សេចក្ដីសម្រេចរបស់សភាជាតិដែលបានបោះឆ្នោតដកលោក Yoon ចេញពីតំណែងជាប្រធានាធិបតី។ លោកស្រី Kim Hyun-jung ជាអ្នកស្រាវជ្រាវម្នាក់មកពីសាកលវិទ្យាល័យ Korea University Institute of Law បាននិយាយថាចៅក្រមតុលាការធម្មនុញ្ញនឹងត្រូវធ្វើការសម្រេចចិត្តថាតើត្រូវចាត់ទុកថាការប្រកាសប្រើច្បាប់អាជ្ញាសឹក របស់លោក Yoon ជាទង្វើរំលោភបំពាន ឬក៏ស្របទៅតាមរដ្ឋធម្មនុញ្ញ? ក្រុមអ្នកជំនាញជាច្រើនបានព្យាករថាការចេញសាលក្រមរបស់តុលារការធម្មនុញ្ញអាចនឹងធ្វើឡើងនៅពាក់កណ្ដាលខែមីនា។ ការព្យាករបែបនេះ ធ្វើឡើងដោយផ្អែកលើនីតិវិធីកន្លងមក។ ឧទាហរណ៍៖ អតីតប្រធានាធិបតី លោក​ Roh Moo-hyun ត្រូវបានតុលាការធម្មនុញ្ញប្រគល់តំណែងឱ្យវិញ ១៤ថ្ងៃ បន្ទាប់ពីរូបលោកត្រូវបានសភាបោះឆ្នោតដកតំណែង។ ចំណែក ក្នុងសំណុំរឿងអតីតប្រធានាធិបតី លោកស្រី Park Geun-hye ដែលត្រូវបានទម្លាក់ចេញតំណែងជុំវិញរឿងអាស្រូវពុករលួយកាលពីឆ្នាំ២០១៧ បានចំណាយពេលត្រឹម១១ថ្ងៃប៉ុណ្ណោះ។ អតីតប្រធានាធិបតីទាំង២រូបនេះ បានទទួលសាលក្រមរៀងៗខ្លួន នៅចំថ្ងៃសុក្រ ជាហេតុជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងសង្ស័យថាគម្រូដូចគ្នានេះអាចនឹងត្រូវបានអនុវត្ត ក្នុងសំណុំរឿងរបស់លោក Yoon។

* តើតុលាការធម្មនុញ្ញនឹងចេញសាលក្រមបែបណា?
សាធារណមតិទូទៅនៅក្នុងប្រទេសកូរ៉េខាងត្បូង ជឿថាការចេញសាលក្រមដកតំណែងលោក Yoon ទំនងជានឹងមិនអាចទៅរួចទេ។ ប៉ុន្តែ លោកស្រី Kim Hyun-jung បាននិយាយថា «ក្រុមអ្នកច្បាប់ និងអ្នកជំនាញ បានយល់ស្របថាសាលក្រមជាឯកច្ឆន្ទមួយលើការទទួលស្គាល់សេចក្ដីសម្រេចដកតំណែងលោក Yoon ដោយសភា អាចនឹងត្រូវធ្វើឡើងដោយចៅក្រមនៃតុលាការធម្មនុញ្ញ»។ យល់ឃើញស្រដៀលគ្នានេះដែរ លោក Yun Bok-nam ជាប្រធានក្រុមមេធាវីសម្រាប់ស្ថានប័ន Democratic Society បានលើកឡើងថាផ្ទុយពីករណីលោកស្រី Park Geun-hye ដែលមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងច្រើនករណី ករណីរបស់លោក Yoon ជាបទល្មើសជាក់ស្ដែង។ តាមអ្នកជំនាញច្បាប់រូបនេះ សំណុំរឿងដកតំណែងរបស់លោក Yoon គឺពាក់ព័ន្ធត្រឹមតែថាតើរូបលោកបានបំពានរដ្ឋធម្មនុញ្ញឬក៏អត់តែប៉ុណ្ណោះ នៅពេលប្រកាសប្រើច្បាប់អាជ្ញាសឹក។ ប្រសិនបើ តុលាការធម្មនុញ្ញទទួលស្គាល់សេចក្ដីសម្រេចដកតំណែងដោយសភា នោះលោក Yoon នឹងក្លាយជាប្រធានាធិបតីទី២ ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូងដែល ត្រូវបានបោះឆ្នោតដកតំណែងបន្ទាប់ពីលោកស្រី Park Geun-hye។

* តើមានបទចោទផ្សេងទៀតប្រឆាំងលោក Yoon ឬ?
លោក Yoon កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទបះបោរ ក្នុងពេលប្រកាសប្រើច្បាប់អាជ្ញាសឹក ហើយបទល្មើសមួយនេះប្រសិនបើតុលាការរកឃើញថាមានពិរុទ្ធពិតមែន នោះលោក Yoon អាចនឹងប្រឈមមុខនឹង ការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ឬរហូតដល់ទោសប្រហារជីវិត។ សំណុំរឿងនេះអាចនឹងចំណាយពេលយូរ។ ព្រោះនីតិវិធីទាំងមូល ក្នុងនោះរួមមានបណ្ដឹងឧទ្ធរណ៍លើកទី២ និងលើកទី៣ អាចនឹងចាយពេលពី មួយឆ្នាំ ទៅពីរឆ្នាំ។ តែយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញខ្លះជឿថា «ប្រសិនបើលោក Yoon ត្រូវបានគេរឃើញថាមានពិរុទ្ធជុំវិញបទចោទបះបោរពិតមែន លោកអាចនឹងត្រូវបានកាត់ទោសធ្ងន់ធ្ងរបំផុត គឺជាប់ពន្ធនាគារអស់ មួយជីវិត ឬជាប់ពន្ធនាគាររយៈពេលវែង»។ ក៏ប៉ុន្តែ ប្រសិនបើលោក Yoon មិនត្រូវបានដកតំណែងទេ លោកនឹងអាចត្រឡប់មកកាន់អំណាចដូចដើមវិញ បើទោះជាលោកត្រូវប្រឈមមុខនឹងសវនាការលើសំណុំរឿងព្រហ្មទណ្ឌ ក៏ដោយ។ «ប្រសិនបើលោកប្រធានាធិបតីមិនត្រូវបានដកតំណែងទេ នោះលោកអាចនឹងបន្តប្រឈមមុខនឹងសវនាការព្រហ្មទណ្ឌជុំវិញបទចោទបះបោរ ខណៈបន្តកាន់តំណែងជាប្រធានាធិបតីកំពុងកាន់អំណាច»។ នេះជា ការគូសបញ្ជាក់របស់លោក Yun Bok-nam។

គួរបញ្ជាក់ថា ក្នុងករណីដែលលោក Yoon ត្រូវបានដកតំណែងដោយតុលាការធម្មនុញ្ញពិតមែន នោះកូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងរយៈពេល៦០ថ្ងៃ។ ក្នុងពេលបច្ចុប្បន្ន មេដឹកនាំ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏សំខាន់មួយនៅកូរ៉េខាងត្បូង គឺលោក Lee Jae-myung កំពុងមានប្រជាប្រិយភាពនាំមុខគេក្នុងការស្ទង់មតិ។ តែក្រុមអ្នកវិភាគយល់ថាវាដូចជាលឿនពេកដែលត្រូវនិយាយថា លោក Lee អាចនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតណាមួយ ខណៈមានគម្លាតនៃការគាំទ្រត្រឹម ៦ពិន្ទុប៉ុណ្ណោះរវាងគណបក្សរបស់លោក និងគណបក្សអំណាចប្រជាជន People Power Party (PPP) របស់លោក Yoon។ ម្យ៉ាងវិញទៀត លោក Lee ខ្លួនឯងក៏កំពុងប្រឈមនឹងផ្លូវច្បាប់ ជុំវិញការចោទប្រកាន់ពីអំពើពុករលួយ និងបទល្មើសព្រហ្មទណ្ឌមួយចំនួនទៀតផងដែរ។ កាលពីខែវិច្ឆិកា លោក Lee ត្រូវបានរកឃើញថាមានពិរុទ្ធលើ បទចោទបំពានច្បាប់បោះឆ្នោត និងត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារជាមួយការព្យួរការអនុវត្តទោស។ បើតុលាការកំពូលទទួលស្គាល់ការផ្តន្ទាទោសនេះ មុនការបោះឆ្នោតថ្មីមួយត្រូវបានរៀបចំឡើង នោះលោក Lee នឹងត្រូវ រារាំងមិនឱ្យឈរឈ្មោះជាបេក្ខជន​ប្រធានាធិបតីឡើយ៕