(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាគ្នានៅសេតវិមាន កាលពីថ្ងៃចន្ទ ដោយបង្ហាញពីភាពខុសគ្នា លើវិធីសាស្រ្តដោះស្រាយវិបត្តិអ៊ុយក្រែន ទោះបីជាយល់ព្រមលើគំនិត ដាក់ពង្រាយកងរក្សាសន្តិភាពអឺរ៉ុបក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ខណៈប្រធានាធិបតី ត្រាំ ចង់បានបទឈប់បាញ់ឆាប់រហ័ស និងបង្ហាញពីលទ្ធភាពជួប ជាមួយលោក ពូទីន លោក Macron បានជំរុញឱ្យមានដំណោះស្រាយដោយប្រុងប្រយ័ត្ន ដោយចាប់ផ្តើមពីបទឈប់បាញ់ ហើយបន្តទៅកិច្ចព្រមព្រៀងសន្តិភាព ដែលរួមបញ្ចូលការធានាសន្តិសុខ និងគោរពអធិបតេយ្យភាពអ៊ុយក្រែន។
«យើងចង់បានសន្តិភាពយ៉ាងឆាប់រហ័ស ប៉ុន្តែយើងមិនចង់បានកិច្ចព្រមព្រៀងដែលខ្សោយនោះទេ» លោក Macron បានថ្លែង។
ទោះបីជាមានការខ្វែងគំនិតគ្នាលើវិធីសាស្ត្រក៏ដោយ ក៏មេដឹកនាំទាំងពីរ បានឯកភាពលើលទ្ធភាពនៃការដាក់ពង្រាយកងរក្សាសន្តិភាពអឺរ៉ុប ក្រោយការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព។ លោក Macron បានបញ្ជាក់ថា កងកម្លាំងទាំងនោះនឹងមិនប្រចាំការនៅជួរមុខឡើយ ប៉ុន្តែនឹងដើរតួនាទីក្នុងការធានាការគោរពសន្តិភាព។ ប្រធានាធិបតីបារាំងរូបនេះ ក៏បានអះអាងទៀតថា លោក ពូទីន ក៏បានយល់ព្រមចំពោះគំនិតនេះផងដែរ។
លោក Macron ដែលជាមេដឹកនាំអឺរ៉ុបដំបូងដែលបានជួប លោក ត្រាំ ក្រោយចូលកាន់តំណែង បានចាត់ទុកកិច្ចពិភាក្សានេះ ថាជា «ចំណុចរបត់»។ ក្នុងជំនួបនោះ លោក Macron ក៏បានកែតម្រូវការអះអាងរបស់លោក ត្រាំ ដែលថា អឺរ៉ុបផ្តល់ជំនួយដល់អ៊ុយក្រែន ត្រឹមតែជាប្រាក់កម្ចី។
ទាក់ទងនឹងកិច្ចព្រមព្រៀង ជាមួយអ៊ុយក្រែន លោក ត្រាំ បានរាយការណ៍ពីវឌ្ឍនភាពលើផែនការចែករំលែកប្រាក់ចំណូលពីធនធានរ៉ែ ដើម្បីទូទាត់ថ្លៃអាវុធដែលសហរដ្ឋអាមេរិកបានផ្គត់ផ្គង់ដល់អ៊ុយក្រែន ដោយលោកបានបង្ហាញក្តីរំពឹងថា លោក Zelenskiy នឹងធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកដើម្បីសម្រេចកិច្ចព្រមព្រៀងនេះជាផ្លូវការ៕