(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Netflix លោក Reed Hastings បាននិយាយថា លោកពិតជាពេញចិត្តចំពោះគំរោងទិញយកក្រុមហ៊ុន Time Warner ពីសំណាក់ក្រុមហ៊ុន AT&T ក្នុងតម្លៃដល់ទៅ ៨៥.៤ពាន់លានដុល្លារ ព្រោះថានឹងផ្ដល់ឱ្យក្រុមហ៊ុនបម្រើប្រព័ន្ធផ្សាយភាពយន្តដ៏មានប្រជាប្រិយរបស់លោក កាន់តែប្រើសើរឡើង។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះរបស់លោក Reed Hastings ធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Netflix អាចនឹងក្លាយជាគោលដៅទិញនៅពេលបន្ទាប់។
ថ្លែងនៅក្នុងសន្និសីទស្ដីពីបចេ្ចកវិទ្យារៀបចំឡើង ដោយ Wall Street Journal នៅក្នុងទីក្រុង Laguna Beach នៃរដ្ឋ California លោក Reed Hastings បានលើកឡើងដូច្នេះថា «វាពិតជាមានសំខាន់ណាស់ដែល ប្រធានបទពាក់ព័ន្ធនឹង Netflix ត្រូវគេចាត់ទុក ដូចជាកិច្ចព្រមព្រៀងទិញរបស់ Time Warner ហើយយើងពិតជាចូលចិត្តបើសិនវា ជាការប្រកួតប្រជែងដោយបើកជំហរ»។
គួរបញ្ជាក់ថាបន្ទាប់ពីក្រុមហ៊ុន AT&T បានចំណាយប្រាក់ ៨៥.៤ពាន់លានដុល្លារទិញយកក្រុមហ៊ុន Time Warner ក៏ដូចជា មានគំរោងទិញយកសិទ្ធិជាម្ចាស់ស្ថានីយ៍ទូរទស្សន៍ CNN និង HBO ក្នុងតម្លៃ១០៨.៧ពាន់ លានដុល្លារ ព្រមទំាងការរំពឹងទុកថា ការលក់របស់ក្រុមហ៊ុន Netflix នឹងធ្លាក់ចុះប្រឈមមុខនឹងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Hulu និងក្រុមហ៊ុន Amazon បានធ្វើឱ្យលេចលឺពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Netflix អាចនឹងក្លាយគោលដៅទិញ នៅពេលបន្ទាប់ពីក្រុមហ៊ុន AT&T ៕