(ម៉ូស្គូ)៖ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងឡុងដ៍ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ដោយថ្កោលទោសកញ្ចប់ទណ្ឌកម្មថ្មី របស់ចក្រភពអង់គ្លេស ប្រឆាំងនឹងរុស្ស៊ី ជុំវិញការឈ្លានពានលើអ៊ុយក្រែន ថា «ខុសច្បាប់» និង «ឥតប្រយោជន៍»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ស្ថានទូតបានអះអាងថា គោលដៅភាគច្រើននៃទណ្ឌកម្ម មិនមានទំនាក់ទំនងជាមួយជម្លោះនោះទេ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតរុស្ស៊ី បានចោទប្រកាន់ថា «ចក្រភពអង់គ្លេស បានជ្រើសរើសពេលវេលាដាក់ទណ្ឌកម្មយ៉ាងប្រុងប្រយ័ត្ន គឺចំពេលដ៏រសើបមួយ នៅពេលដែលមូលដ្ឋានគ្រឹះនៃដំណោះស្រាយអនាគតសម្រាប់អ៊ុយក្រែន កំពុងត្រូវបានរៀបចំឡើងតាមរយៈកិច្ចព្រមព្រៀង រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ចក្រភពអង់គ្លេសបានប្រកាសពីកញ្ចប់ទណ្ឌកម្មដ៏ធំបំផុតរបស់ខ្លួន ប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម នៅអ៊ុយក្រែន ដោយកំណត់គោលដៅ លើក្រុមហ៊ុនទូទាំងពិភពលោក ដែលផ្គត់ផ្គង់គ្រឿងបន្លាស់ ប្រើប្រាស់ដោយយោធារុស្ស៊ី។
កញ្ចប់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ដែលធ្វើឡើងចំខួបលើកទីបី នៃការឈ្លានពានរបស់រុស្ស៊ីនេះ ក៏បានកំណត់គោលដៅ លើរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង No Kwang Chol ជុំវិញការដាក់ពង្រាយកងកម្លាំងកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៊ី និងធនាគារ Keremet ដែលមានមូលដ្ឋាននៅប្រទេសកៀហ្ស៊ីស៊ីស្ថានផងដែរ៕