(ប៉េកាំង)៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ វេបសាយសេតវិមានអាមេរិកបានដាក់ចេញ អនុស្សរណៈ នៃគោលនយោបាយវិនិយោគស្តីពី “ការតម្កល់ទុកសហរដ្ឋអាមេរិកជាចម្បង” ដោយប្រកាសថា នឹងកែសម្រួលគោលនយោបាយ វិនិយោគរបស់សហរដ្ឋអាមេរិក ។ អំពីគោលនយោបាយនេះ ខ្លឹមសារសំខាន់បំផុតគឺកំណត់ “តំបន់ហាមឃាត់” នៃការវិនិយោគទៅមករវាងចិននិងអាមេរិក ដើម្បីបង្កើនការដាក់កំហិតថែមមួយកម្រិតទៀត។

ឧទាហរណ៍ដូចជា អនុស្សរណៈនេះបានលើកឡើងថា នឹងទប់ស្កាត់បុគ្គលិកដែលពាក់ព័ន្ធនឹងប្រទេសចិន “ប្រមូលទិញសហគ្រាស និងទ្រព្យសម្បត្តិដ៏គន្លឹះរបស់អាមេរិក” ដាក់កំហិត “ការវិនិយោគលើស្ថាប័នយុទ្ធសាស្ត្រដូចជា បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធគន្លឹះ កសិកម្មនិងថាមពលជាដើម” ទន្ទឹមនឹងនេះ “គិតពិចារណាពីការអនុវត្តការរឹតបន្ដឹងថ្មី ឬបង្កើនការដាក់កំហិតទៅលើការវិនិយោគ របស់អាមេរិកក្នុងវិស័យពាក់ព័ន្ធ ដូចជាវត្ថុពាក់កណ្ដាលចម្លង បញ្ញាសិប្បនិម្មិត បច្ចេកទេស Quantum និងបច្ចេកវិទ្យាជីវសាស្ត្រ ជាដើមរបស់ចិន”។ វាមិនពិបាកមើលឃើញថា ទង្វើនេះបានពង្រីកនិយមន័យនៃសន្តិសុខជាតិ ដែលមានលក្ខណៈរើសអើង នឹងបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីរវាងសហគ្រាសនៃប្រទេសទាំងពីរ ។ ភាគីចិនបានបង្ហាញអាកប្បកិរិយាយ៉ាងច្បាស់លាស់ថា នឹងតាមដានយ៉ាងដិតដល់ ចំពោះនិន្នាការសកម្មភាពរបស់ភាគីអាមេរិក ហើយនឹងចាត់មធ្យោបាយដ៏ចាំបាច់ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

ក្រឡេកទៅមើលប៉ុន្មានឆ្នាំកន្លងទៅនេះ ភាគីអាមេរិកបានដាក់ចេញវិធានការសំដៅចំពោះចិនដូចជា ត្រួតពិនិត្យការវិនិយោគ និងគ្រប់គ្រងការនាំចេញជាដើមជាបន្តបន្ទាប់ ដោយយកអ្វីដែលហៅថា “សន្តិសុខជាតិ”ធ្វើជាលេស ប៉ុនប៉ងកាត់កម្សោយ កម្លាំងឥទ្ធិពលនៃសេដ្ឋកិច្ចចិន ជាពិសេសគឺសមត្ថភាពអភិវឌ្ឍន៍របស់ចិន ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់។ អ៊ីចឹង តើភាគីអាមេរិកដាក់កំហិតលើ “ការវិនិយោគទៅមក”បានកាត់ផ្ដាច់ផ្លូវរបស់អ្នកណា? ឥស្សរជនសង្កេតការណ៍ បានលើកឡើងថា ទង្វើរបស់ភាគីអាមេរិកបានល្មើសនឹង ក្បួនច្បាប់វិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ និងក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ ដែលបានបំផ្លាញរូបភាពនិងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន បំផ្លាញផលប្រយោជន៍ផ្ទាល់ខ្លួន និងឱកាសនៃសហគ្រាសអាមេរិក វាពិតជាបំផ្លាញទាំងផលប្រយោជន៍ខ្លួនឯង និងអ្នកដទៃទៀត។

យកការរឹតបន្ដឹងលើការវិនិយោគនៅសហរដ្ឋអាមេរិកជាឧទាហរណ៍ វិធានការពាក់ព័ន្ធរបស់ភាគីអាមេរិក មិនត្រឹមតែសំដៅលើប្រទេសចិនប៉ុណ្ណោះទេ ក៏ថែមទាំងតម្រង់ ចំពោះសម្ព័ន្ធមិត្តផងដែរ។ មុននេះមិនជាយូរប៉ុន្មាន ភាគីអាមេរិកបានរកគ្រប់មធ្យោបាយ ដើម្បីរារាំងក្រុមហ៊ុនដែកថែបជប៉ុន ប្រមូលទិញក្រុមហ៊ុនដែកថែបរបស់អាមេរិក ទីបំផុតធ្វើឱ្យផែនការនេះទទួលបរាជ័យ។ ចំពោះសហរដ្ឋអាមេរិក ដែលនិយាយផ្សេងធ្វើផ្សឹង និងដែលមានកេរ្តិ៍ឈ្មោះអសោច ការវិនិយោគបរទេសណាមួយ ប្រហែលសុទ្ធតែត្រូវគិតពិចារណាថ្លឹងថ្លែងឱ្យច្បាស់សិន។

ដោយសាររងការរំខានពីគោលនយោបាយរឹតបន្ដឹងរបស់ភាគីអាមេរិក ចំណែកទីផ្សារនិងប្រាក់ចំណេញរបស់សហគ្រាសអាមេរិក ដ៏ល្បីឈ្មោះជាច្រើននៅប្រទេសចិនសុទ្ធតែរងផលប៉ះពាល់។ ប្រសិនបើភាគីអាមេរិកទទូចពង្រីកការរឹតបន្ដឹងលើ ការវិនិយោគទៅលើប្រទេសចិន នោះលំហទ្រព្យសម្បត្តិនៃសហគ្រាសអាមេរិក មុខជានឹងត្រូវបង្រួមតូចថែមមួយកម្រិតទៀត។
ក្រឹត្យក្រមទីផ្សារគឺមានកម្លាំងយ៉ាងខ្លាំងក្លា តម្រូវការនិងសំណូមពរនៃកិច្ចសហប្រតិបត្តិការ រវាងសហគ្រាសចិន និងអាមេរិកក៏ខ្លាំងក្លាដែរ ការផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ទើបជាជម្រើសដ៏ល្អបំផុតរបស់ភាគីទាំងពីរ ។ ការរឹតបន្ដឹងលើការវិនិយោគទៅមកដោយបង្ខំ និងជំរុញ “ការផ្តាច់ទំនាក់ទំនង”ជាមួយចិន គឺប្រៀបដូចជា “បាញ់កាំភ្លើងលើជើងខ្លួនឯង” ភាគីអាមេរិកចាំបាច់ត្រូវគិតពិចារណាឱ្យបានម៉ត់ចត់៕

វិទ្យុមិត្តភាពកម្ពុជាចិន