(ប៉េកាំង)៖ ខណៈនិទាឃរដូវខិតជិតចូលមកដល់ រដ្ឋាភិបាលចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញប្រជាកសិករត្រៀមខ្លួន សម្រាប់ការចាប់ផ្តើមកសិកម្មនិទាឃរដូវឱ្យបានល្អ សំដៅធានាឱ្យបាននូវទិន្នផលកសិផលខ្ពស់ នារដូវប្រមូលផល។ សម្រាប់ប្រទេសចិន កសិកម្មនិទាឃរដូវត្រូវបានមើលឃើញថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាន នូវគោលដៅសន្តិសុខស្បៀង ដែលជារបៀបវារៈអភិវឌ្ឍន៍ដ៏ចំបងមួយរបស់រដ្ឋាភិបាលចិន។
ចាប់តាំងពីការចូលកាន់តំណែងជាប្រធានរដ្ឋរបស់លោក ស៊ី ជីនពីង រដ្ឋាភិបាលចិនបានផ្តល់សារៈសំខាន់ខ្ពស់ ចំពោះការលើកកម្ពស់សន្តិសុខស្បៀង និងបានចាត់ទុកការស្តារ និងអភិវឌ្ឍជនបទជាអាទិភាពសំខាន់មួយ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រាប់រយៈពេលវែង។ ថ្លែងក្នុងសន្និសីទការងារជនបទមជ្ឈិមចិនកាលពីខែធ្នូ ឆ្នាំ២០២៤ លោកប្រធានរដ្ឋ ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា "ប្រទេសចិនត្រូវតែកាន់ចានបាយរបស់ខ្លួន ឱ្យណែននៅក្នុងដៃ" និងគូសបញ្ជាក់ពីតម្រូវការ សម្រាប់ស្ថិរភាពស្បៀងអាហារក្នុងស្រុក ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹង ការកើនឡើងនៃភាពមិនប្រាកដប្រជា។
ក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ រដ្ឋាភិបាលចិនបានដាក់ចេញ នូវកម្មវិធីគោលនយោបាយនានាជាបន្តបន្ទាប់ ដើម្បីចូលរួមលើកកម្ពស់ការស្តារ និងអភិវឌ្ឍជនបទ សំដៅបង្កើនទិន្នផលកសិកម្ម ជំរុញភាពគ្រប់គ្រាន់ដោយខ្លួនឯង (self-sufficiency) ក្នុងផលិតកម្មស្បៀង និងធ្វើទំនើបកម្មកសិកម្ម។ កម្មវិធីគោលនយោបាយដ៏លេចធ្លោមួយនោះគឹ “កម្មវិធីមួយពាន់ភូមិធ្វើជាគំរូ មួយម៉ឺនភូមិស្តារឡើងវិញ” ដែលត្រូវបានដាក់ចេញក្នុងឆ្នាំ២០០៣ ដោយលោកប្រធានរដ្ឋ ស៊ី ជីនពីង ក្នុងដំណើរបំពេញការងារ ជាលេខាធិការបក្សប្រចាំខេត្តជឺជាំង។ បច្ចុប្បន្ន កម្មវិធីនេះមិនត្រឹមតែបានក្លាយជាគំរូនៃការស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិនទេ ប៉ុន្តែថែមទាំងទទួលបាននូវការទទួលស្គាល់យ៉ាងទូលំទូលាយ ពីសំណាក់អន្តរជាតិផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនតែងចេញផ្សាយឯកសារមជ្ឈិមលេខ១ (No. 1 Central Document) ដែលជាផែនទីបង្ហាញ ផ្លូវដ៏សំខាន់ក្នុងការកំណត់ទិសដៅអាទិភាពប្រចាំឆ្នាំដើម្បីស្តារ និងអភិវឌ្ឍជនបទនៅទូទាំងប្រទេស ដែលនេះសបញ្ជាក់ឱ្យឃើញពី ការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលចិនក្នុងការជំរុញទំនើបកម្មកសិកម្ម និងការអភិវឌ្ឍជនបទ។ ជាមួយនឹង កិច្ចប្រឹងប្រែង ជាបន្តបន្ទាប់ រដ្ឋាភិបាលចិនបានទទួលសមិទ្ធផលគួរឱ្យកោតស្ញប់ស្ញែង។ នៅឆ្នាំ២០២៤ ទិន្នផលស្បៀងទូទំាងប្រទេសចិន បានបំបែកកំណត់ត្រាខ្ពស់បំផុតជាលើកដំបូង ជាមួយនឹងបរិមាណសរុប ៧ទ្រីលានគីឡូក្រាម កើនឡើង ១,៦% បើធៀបជាមួយឆ្នាំ២០២៣ ខណៈផ្ទៃដីដាំដុះស្បៀងទូទាំងប្រទេសចិនកើនឡើងដល់ជាង ១,១៩ រយលានហិកតា។ លើសពីនេះទៀត ប្រទេសចិនបានបង្កើតដីស្រែស្តង់ដា ៦៦៦ ម៉ឺនហិកតា ដែលអាចធានាសមត្ថភាពផលិតស្បៀងប្រមាណ ៥០ប៊ីលានគីឡូក្រាម។
លក្ខណៈពិសេសនៃយុទ្ធសាស្ត្រស្តារ និងអភិវឌ្ឍជនបទរបស់ចិន គឺការផ្តោតទៅលើនវានុវត្តន៍ និងបច្ចេកវិទ្យា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យា កសិកម្មឆ្លាតវៃ និងកសិកម្មឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាព ។ ការអនុវត្តផែនការសកម្មភាពកសិកម្មឆ្លាតវៃថ្នាក់ជាតិ (ឆ្នាំ២០២៤-២០២៨) និងផែនការ ៥ ប្រាំឆ្នាំលើកទី១៤ (ឆ្នាំ២០២១-២០២៥) បាន និងកំពុងផ្លាស់ប្តូរកសិកម្មបែបប្រពៃណីឱ្យក្លាយទៅជា កសិកម្មទំនើបដែលជំរុញដោយទិន្នន័យ និងបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ គំនិតផ្តួចផ្តើមនានាដូចជាការបង្កើតភូមិឌីជីថល និងសួនកសិកម្មទំនើប បានផ្តល់អំណាចដល់ប្រជាកសិករចិន ជាមួយនឹងមធ្យោបាយប្រកបដោយបរិវត្តកម្ម ក្នុងការបង្កើនប្រសិទ្ធភាព និងទិន្នផលដំណាំ ជាពិសេសតាមរយៈការបង្កើតប្រព័ន្ធធារាសាស្រ្តស្វ័យប្រវត្តិ និងប្រព័ន្ធត្រួតពិនិត្យដើរដោយបញ្ញាសិប្បនិម្មិត។
កិច្ចប្រឹងប្រែងខាងលើមិនត្រឹមតែអនុញ្ញាតឱ្យចិនសម្រេចបាននូវសន្តិសុខស្បៀងក្នុងស្រុកនោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ ដល់សន្តិសុខស្បៀងសកលផងដែរ។ ក្នុងបរិបទនៃការកើនឡើងនៃភាពមិនប្រាកដប្រជា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ពិភពលោកកំពុងតែប្រឈមមុខនឹង ការធ្លាក់ចុះនៃទិន្នផលដំណាំ និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ជាមួយនឹងវឌ្ឍនភាពដ៏ឆាប់រហ័សក្នុងការធ្វើទំនើបកម្មកសិកម្ម ប្រទេសចិនមានសក្តានុពលគ្រប់គ្រាន់ ក្នុងការដើរតួនាទីជា អ្នករួមចំណែកដ៏សំខាន់ដល់សន្តិសុខស្បៀងសកល។ ក្នុងនាមជាប្រទេសផលិតគ្រាប់ធញ្ញជាតិធំជាងគេមួយ ដែលក្តោបក្តាប់ ២៥% នៃគ្រាប់ធញ្ញជាតិលើពិភពលោក ប្រទេសចិនក៏ជាអ្នកនាំមុខក្នុងការផលិតកប្បាស ផ្លែឈើ បន្លែ សាច់ និងស៊ុតផងដែរ។
សរុបមក កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការស្តារ និងអភិវឌ្ឍជនបទមិនត្រឹមតែនាំមកនូវសមិទ្ធផលដ៏អស្ចារ្យ ដល់ប្រជាជនចិនទាំង ១,៤ ពាន់លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមាន ដល់សន្តិសុខស្បៀងសកលផងដែរ។ ភាពជោគជ័យរបស់ប្រទេសចិន នឹងក្លាយជាគំរូអភិវឌ្ឍន៍សម្រាប់ ពិភពលោក ជាពិសេសប្រទេសសកលខាងត្បូង ដែលកំពុងស្វែងរកមធ្យោបាយនានា ក្នុងការលើកកម្ពស់ការស្តារ និងអភិវឌ្ឍជនបទ៕
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា