(ប៉េកាំង)៖ «មានស្បៀងក្នុងដៃ មិនភិតភ័យក្នុងចិត្ត» ជាឃ្លាដ៏សាមញ្ញពោរពេញដោយអត្ថន័យមហាសាល សម្រាប់សន្តិសុខស្បៀង ដែលបានផ្តល់កម្លាំងចលករដ៏សំខាន់ដល់ វិស័យកសិកម្មរបស់ប្រទេសចិន ឱ្យកាន់តែមានសន្ទុះកើនឡើងជាលំដាប់ ដែលនេះជាប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានលើកទឹកចិត្ត ដល់ប្រជាកសិករចិន បង្កើននវានុវត្តភាពកាន់តែខ្លាំងក្លាលើ ផលិតភាពកសិផលដោយផ្អែកលើសុវត្ថិភាពជាចម្បង។
ទាក់ទងនឹងស្ថានការណ៍ពាក់ព័ន្ធ នៃការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ជនបទថែមមួយកម្រិតទៀត និងការជំរុញយ៉ាងប្រាកដប្រជា នូវការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់ថា ស្បៀងនិងផលិតផលកសិកម្មសំខាន់ៗ មានកំណើនដោយនឹងនរ។ ទិន្នផលស្បៀងពេញមួយឆ្នាំ បានបង្កើតកំណត់ត្រាថ្មី ដោយលើសពីចំនួន០,៧ទី្រលានគីឡូក្រាម។ សមិទ្ធផលទាំងនេះ កើតចេញពីគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការស្តារ និងការអភិវឌ្ឍជនបទក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដោយផ្តោតទៅលើនវានុវត្តន៍ និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ រួមជាមួយកសិកម្មឌីជីថល។
«សន្តិសុខស្បៀង គឺជាផលប្រយោជន៍ជាមូលដ្ឋានបំផុតរបស់ប្រទេស» បានក្លាយជាកម្មវិធីនយោបាយនៅគ្រប់លំដាប់ថ្នាក់ នៃរចនាសម្ព័ន្ធរបស់រដ្ឋាភិបាលចិន ដោយបានចាត់ទុកថា អាហារគឺជាតម្រូវការចាំបាច់បំផុតរបស់មនុស្សជាតិ។ ក្នុងន័យនេះ ការអភិវឌ្ឍជនបទដោយបន្ថែម សម្រស់បៃតងភាពកាន់តែខៀវស្រងាត់ ដែលនាំឱ្យសង្គមនៅជនបទមានភាពសុខដុមរមនា បានក្លាយជាគោលដៅចុងក្រោយរបស់រដ្ឋាភិបាលចិន។ គម្រោង «Small and Smart» បាននិងកំពុងអនុវត្តនៅគ្រប់ទិសទី ក្នុងប្រទេសចិន ជាក់ស្តែង បច្ចេកវិទ្យាឈានមុខគេដូចជា ការចាប់សញ្ញាពីចម្ងាយពីផ្កាយរណប Beidou និងឧបករណ៍គ្រឿងយន្តកសិកម្មឆ្លាតវៃ បានជួយបំប្លែងដីស្រែធម្មតាទូទាំងប្រទេសទៅជា កសិដ្ឋានឆ្លាតវៃជាមួយនឹងការរួមបញ្ចូល បច្ចេកវិទ្យាព័ត៌មានខ្ពស់ បង្កើនប្រសិទ្ធភាព កាត់បន្ថយការចំណាយ និងទិន្នផលដំណាំល្អ។
វឌ្ឍនភាពនៅជនបទ គឺជាជះឥទ្ធិពលវិជ្ជមាន ដ៏ល្អប្រសើរដល់ការអភិវឌ្ឍជាតិតាមគំរូសេដ្ឋកិច្ចបៃតង ហើយបានជំរុញការកសាង ទីជនបទក្លាយជាតំបន់ពោរពេញ ដោយមនោរម្យភាព ទាក់ទាញការរស់នៅ ការកម្សាន្ត រួមជាមួយការវិនិយោគ ដែលកត្តាទាំងនេះ បានផ្តល់ជាបច្ច័យទានដល់រដ្ឋាភិបាលចិនសម្រេចបាន នូវការកសាងជនបទដ៏ស្រស់ស្អាតដែលក្នុងនោះ ផ្លូវថ្នល់ជនបទដែលសាងសង់ថ្មី និងជួសជុលឡើងវិញមានប្រវែង១សែន៣ម៉ឺនគីឡូម៉ែត្រ អត្រាមានទឹកស្អាតប្រើប្រាស់ នៅជនបទឡើងដល់៩៤% អត្រាគ្រប់ដណ្តប់នៃសេវាបញ្ញើអីវ៉ាន់រហ័ស តាមភូមិនិងជនបទមានចំនួនលើសពី៩៥%។
«ជនបទរីកចម្រើន ប្រទេសចិនរីកចម្រើន» ជាឃ្លាដែពោរពេញដោយភាពប្រាកដប្រជារបស់បក្សកុម្មុយនិស្តចិន ដែលតែងរក្សាបាន នូវគោលបំណងដើមរបស់ខ្លួន ដែលតែងបម្រើដល់ ប្រជាជនចិនស្របតាមគោលការណ៍ ប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល ឬប្រជាធិបតេយ្យតាមបែបផែនចិន។ បើទោះបីជាមានភាពរីកចម្រើន ខ្លាំងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ប្រទេសចិននៅតែជាប្រទេសកសិកម្មដ៏ធំមួយ ដែលតែងបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពជនបទ ហើយតាមរយៈប្រាជ្ញាចិន ក្នុងការជម្នះបាននូវរាល់ឧបសគ្គនានា ទើបជាលទ្ធផលយើងឃើញថា ប្រាក់ចំណូលដែលអាចប្រើប្រាស់ បានគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗ របស់កសិករចិនក្នុងឆ្នាំ២០២៤ឡើងដល់ចំនួន២៣១១៩ប្រាក់យាន់ចិន។ ការអភិវឌ្ឍ ជនបទប្រទេសចិនបានផ្សារភ្ជាប់យ៉ាងមាំ ជាមួយនឹងប្រព័ន្ធសេដ្ឋកិច្ចបៃតងនិងការពង្រឹង អត្តសញ្ញាណវប្បធម៌កសិកម្មរបស់ខ្លួន ថែមទៀតផង ជាក់ស្តែងកាលពីឆ្នាំ២០២២ អង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានទទួលស្គាល់ជាផ្លូវការថា ប្រព័ន្ធកសិកម្មប្រពៃណីចំនួន៣របស់ចិន ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ខាងវិស័យកសិកម្មដ៏សំខាន់លើពិភពលោក ពោលគឺប្រព័ន្ធវប្បធម៌តែ Tie Guanyin នៃស្រុក Anxi ខេត្ត Fujian ប្រព័ន្ធគង្វាលសត្វនៅវាលស្មៅ Alukeerqinនៃភូមិភាគម៉ុងហ្គោលីក្នុងនិងប្រព័ន្ធស្រែតាមជម្រាលភ្នំ Shiyan នៃស្រុក She ខេត្ត Hebei។ គិតរហូតដល់បច្ចុប្បន្ននេះ សម្បត្តិបេតិកភណ្ឌវប្បធម៌ខាងវិស័យកសិកម្មរបស់ប្រទេសចិន មានចំនួនឡើងដល់១៨កន្លែង ដែលបានឈរនៅលំដាប់ទី១លើពិភពលោក។
«កសិកម្មឆ្នើម ជនបទថ្មី» ជាសារលើកទឹកចិត្តកាន់តែខ្លាំងក្លាដល់កសិករ ក្នុងការចូលរួមក្រោមឆ័ត្រយន្តការរបស់ រដ្ឋាភិបាលចិនដើម្បីជំរុញការផ្លាស់ប្តូរជាវិជ្ជមាន នៅជនបទរបស់ប្រទេសចិន ពីការពឹងផ្អែក ទាំងស្រុងលើកសិកម្មប្រពៃណី ទៅជាការទទួលយកជាមូលដ្ឋាននិងជានិរន្តរ៍ នូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាត និងការធ្វើទំនើបកម្ម។ កសិកម្មរបស់ចិន បានក្លាយជាគំរូ ជាបទពិសោធន៍ដ៏ជោគជ័យ ដែលមិនត្រឹមតែជាសមិទ្ធផលលុបបំបាត់ភាពក្រីក្រ និងការផ្តល់ជូននូវកំណើនប្រាក់ចំណូល ដែលអាចប្រើប្រាស់បានគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗ របស់កសិករដែលចេញផុតពីភាពក្រីក្រខ្ពស់ជាង កម្រិតជាមធ្យមនៅទូទាំងប្រទេសចិន ប៉ុណ្ណោះទេ តែថែមទាំងជាមេរៀន ជាគន្លឹះនៃការដោះលេខកូដសម្ងាត់ ជាផ្លូវវាងទៅរកវឌ្ឍន ភាពសង្គមដែលពោរពេញដោយការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមគោលដៅរបស់អង្គការសហប្រជាជាតិ និងកៀកជាប់ជាមួយគោលបំណង និងក្តីសុបិនរួមរបស់មនុស្សជាតិ ថែមទៀតផង។ ក្នុងន័យនេះ ផលដែលប្រជាកសិករចិន កំពុងទទួលបានពន្លាតឬសគល់ នៃបទពិសោធន៍ចាក់ចូលទៅគ្រប់ស្រទាប់សង្គម របស់មនុស្សជាតិក្នុងពិភពលោកលើវិស័យកសិកម្ម។
ជារួម ដោយចេញដំណើរយ៉ាងស្វាហាប់ នាសតវត្សរ៍ទី២១នេះជាសតវត្សរ៍ដែលចិនខ្លាំង ជាសតវត្សរ៍ពោរពេញមនុស្សជាតិ ទទួលបានកាន់តែងាយស្រួលពី បទពិសោធន៍ជាច្រើន ចែករំលែកដោយប្រទេសចិន ជាពិសេសទំនើបកម្មកសិកម្មចិន ដែលនេះជាសញ្ញាណដោយបើកចំហ សម្រាប់ពិភពលោកឆ្ពោះទៅសហគមន៍ច្នៃប្រឌិតសកល ក្នុងចរន្តពហុប៉ូល ដើម្បីប្រកៀកស្មា កាន់តែណែនដើរលើវិថីក្រាលសន្តិភាព និងអភិវឌ្ឍដោយប្រាជ្ញាចិនស្តីពីកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិក្នុងយុគសម័យថ្មី៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន