ប្រជាជនសិង្ហបុរី បាត់បង់លុយសរុប៨២២លានដុល្លារ ដោយសារអំពើឆបោក កាលពីក្នុងឆ្នាំ២០២៤ (Video inside)
25-02-2025 16:34
(សិង្ហបុរី)៖ ប៉ូលិសនៃប្រទេសសិង្ហបុរី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រជាជនសិង្ហបុរី បានបាត់បង់លុយសរុបចូលគ្នាមានចំនួនរហូតដល់ ១.១ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង ៨២២លានដុល្លារអាមេរិក ដោយសារតែអំពើឆបោក កាលពីក្នុងឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
យោងតាមរបាយការណ៍របស់ប៉ូលិសសិង្ហបុរី ទឹកប្រាក់ខាងលើ គឺជាចំនួនដ៏ច្រើនបំផុតក្នុងកំណត់ត្រា ហើយគឺជាការកើនឡើង ៧០.៦ភាគរយ ធៀបនឹងទឹកប្រាក់៦៥១.៨លានដុល្លារសិង្ហបុរី កាលពីក្នុងឆ្នាំ២០២៣ ខណៈតួលេខនៃករណីឆបោក បានកើន១១ភាគរយ ដល់៥១ ៥០១ករណី។ ២៤.៣ភាគរយ នៃលុយដែលបាត់បង់ទាំងនោះ គឺដោយសារការឆបោក តាមរូបិយបណ្ណឌីជីថល ឬហោថា cryptocurrency ប៉ុន្តែការឆបោក តាមប្រព័ន្ធពាណិជ្ជកម្មអនឡាញ ឬ e-commerce មានចំនួនករណីច្រើនជាងគេ គឺសរុប១១ ៦៦៥ករណី ជាមួយទឹកប្រាក់បាត់បង់ ១៧.៥លានដុល្លារសិង្ហបុរី។
គួរបញ្ជាក់ថា ក្នុងចំណោមលុយដែលបាត់បង់ទាំងអស់ អង្គភាពប្រយុទ្ធប្រឆាំងអំពើឆបោករបស់សិង្ហបុរី យកបានមកវិញប្រមាណជាង ១៨២លានដុល្លារសិង្ហបុរី។ កាលពីខែមករា ឆ្នាំ២០២៥នេះ ប្រទេសសិង្ហបុរី បានអនុម័តច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យប៉ូលិសអាចបង្កកគណនីធនាគារ របស់បុគ្គលទាំងឡាយ ដែលអាចជាជនរងគ្រោះនៃអំពើឆបោក ដើម្បីជួយទប់ស្កាត់ការបាត់បង់ប្រាក់របស់ពួកគេ៕