(វ៉ាស៉ីនតោន)៖ ព្រះអង្គម្ចាស់ Khalid bin Salman ដែលជារដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth នៅក្នុងរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ក៏ដូចការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។
តាមគេហទំព័របណ្តាញសង្គម X របស់រដ្ឋមន្រ្តីការពារជាតិអារ៉ាប៊ីសាអូឌីត ទស្សនកិច្ចនេះកើតមានឡើង បន្ទាប់ពីសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកមួយនេះ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតខ្ពស់រវាងក្រុមមន្រ្តីអាមេរិក និងរុស្ស៉ី ដើម្បីពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែន និងការស្តារទំនាក់ទំនងអាមេរិក-រុស្ស៉ីឡើងវិញ។
គួរបញ្ជាក់ថា ជំនួបខាងលើនេះ ក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅវ៉ាស៉ីនតោន ឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំនៅយេម៉ែន និងមន្ត្រីដទៃទៀត ដោយនឹងមានការពិភាក្សា អំពីបញ្ហាប្រឈមក្នុងតំបន់ផងដែរ៕