(យូអិន)៖ កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ សហរដ្ឋអាមេរិក បានបដិសេធចូលរួមថ្កោលទោសរុស្ស៉ី សម្រាប់ការឈ្លានពានអ៊ុយក្រែន ក្នុងការបោះឆ្នោត នៅមហាសន្និបាតនៃអង្គការសហប្រជាជាតិ (UN) នាឱកាសគម្រប់ខួប៣ឆ្នាំនៃសង្រ្គាម។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP។

នៅមហាសន្និបាត UN អាមេរិក បានចូលរួមជាមួយរុស្ស៉ី បេឡារុស កូរ៉េខាងជើង និងប្រទេសមួយចំនួនទៀត បោះឆ្នោតប្រឆាំង​សេចក្តីសម្រេចមួយផ្តួចផ្តើមរួមគ្នា ដោយអឺរ៉ុបនិងអ៊ុយក្រែន ដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៉ី ប្តេជ្ញាចំពោះបូរណភាពទឹកដី​របស់អ៊ុយក្រែន ហើយទាមទារឱ្យកងទ័ពរុស្ស៉ី ដកចេញពីអ៊ុយក្រែនជាបន្ទាន់។ ទោះជាបែបនេះក្តី សេក្តីសម្រេចនោះ ត្រូវបានអនុម័ត​ជាមួយសំឡេង៩៣គាំទ្រ ១៨ជំទាស់ និង៦៥អនុប្បវាទ។ លទ្ធផលនេះ បង្ហាញឱ្យឃើញ ការគាំទ្រថយចុះសម្រាប់អ៊ុយក្រែន ដ្បិត​ការបោះឆ្នោតលើកមុនៗ មានប្រទេសច្រើនជាង១៤០ នាំគ្នាថ្កោលទោសទីក្រុងមូស្គូ និងទាមទារឱ្យរុស្ស៉ីដកកងទ័ពជាបន្ទាន់ ​ចេញពីអ៊ុយក្រែន។

មហាសន្និបាត UN បន្ទាប់មក បានបន្តបោះឆ្នោតលើ សេចក្តីសម្រេចដាច់ដោយឡែកមួយទៀត ដែលជារបស់អាមេរិក។ សេចក្តីសម្រេចនោះ បង្ហាញមរណទុក្ខនៃការបាត់បង់ជីវិតមនុស្ស ក្នុងសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន ហើយអំពាវនាវរកទីបញ្ចប់​ឱ្យបានឆាប់រហ័សសម្រាប់ជម្លោះ និងទទូចឱ្យមានសន្តិភាពយូរអង្វែងរវាងរុស្ស៉ីនិងអ៊ុយក្រែន ប៉ុន្តែគ្មានការលើកឡើងទេអំពី​ការឈ្លានពានរបស់ទីក្រុងមូស្គូ។

យ៉ាងណាមិញ បារាំងបានស្នើការកែសម្រួលមួយចំនួន ចំពោះសេចក្តីសម្រេចរបស់ទីក្រុងវ៉ាស៉ីនតោន រួមមានការបន្ថែមថា ជម្លោះនោះ គឺបង្កឡើងដោយការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ហើយប្តេជ្ញាចំពោះអធិបតេយ្យ ឯករាជ្យ សាមគ្គីភាព និងបូរណភាពទឹកដី​របស់អ៊ុយក្រែន ព្រមទាំងអំពាវនាវរកសន្តិភាពមួយ ដែលគោរពធម្មនុញ្ញរបស់ UN។ សេចក្តីសម្រេច ដែលត្រូវបានកែសម្រួលនោះ ទទួលបានការគាំទ្រ៩៣សំឡេង អនុបវាទ៧៣សំឡេង និងប្រឆាំង៨សំឡេង ដោយមានអ៊ុយក្រែន បោះឆ្នោតគាំទ្រ រុស្ស៉ីបោះឆ្នោតប្រឆាំង ហើយអាមេរិកខ្លួនឯងផ្ទាល់ បោះឆ្នោតអនុបវាទ។

ទោះជាបែបនេះក្តី សេចក្តីសម្រេចជាមួយខ្លឹមសារដើមរបស់អាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ UN ដែលជា​ស្ថាប័នសម្រេចចិត្តកំពូលរបស់ UN ហើយមានអាមេរិកនិងរុស្ស៉ី ស្ថិតក្នុងចំណោមសមាជិកអចិន្រ្តៃយ៍ ដែលមានអំណាចវេតូ។ ក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិកសរុបចំនួន១៥ បានអនុម័តសេចក្តីសម្រេចរបស់អាមេរិក ក្នុងសំឡេង១០គាំទ្រ និងគ្មានសំឡេងប្រឆាំងឡើយ ប៉ុន្តែប្រទេសអឺរ៉ុបចំនួន៥ គឺចក្រភពអង់គ្លេស បារាំង ដាណឺម៉ាក ក្រិក និងស្លូវេនី បានធ្វើអនុបវាទ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មហាសន្និបាត UN បានក្លាយជាស្ថាប័នសំខាន់ជាងគេរបស់ UN សម្រាប់វិបត្តិអ៊ុយក្រែន ដោយសារក្រុមប្រឹក្សាសន្តិសុខ បានជាប់គាំងធ្វើអ្វីមិនកើត ព្រោះតែអំណាចវេតូរបស់រុស្ស៉ី។ ទោះបីជាសេចក្តីសម្រេច ដែលអនុម័តដោយមហាសន្និបាត មិនមានលក្ខណៈតម្រូវឱ្យអនុវត្តតាមក៏ដោយ ប៉ុន្តែមានទម្ងន់ផ្នែកនយោបាយ ព្រោះវាស្តែងឱ្យឃើញ ទស្សនៈរបស់ប្រទេសនានា នៅលើពិភពលោក៕