លោក ពូទីន បង្ហើបពីលទ្ធភាពរកស៉ីក្នុងវិស័យរ៉ែកម្រ និងអាលុយមីញ៉ូម ជាមួយសហរដ្ឋអាមេរិក (Video inside)
25-02-2025 15:20
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងផ្តល់ឱកាសឱ្យសហរដ្ឋអាមេរិក ចូលរួមក្នុងគម្រោងរកស៉ីរ៉ែកម្ររបស់រុស្ស៉ី ក៏ដូចជាការផ្គត់ផ្គង់អាលុយមីញ៉ូមដល់ទីផ្សារក្នុងស្រុករបស់សហរដ្ឋអាមេរិក ក្រោមកិច្ចព្រមព្រៀងសេដ្ឋកិច្ចនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៥។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ លោក ពូទីន គូសបញ្ជាក់ថា «ដោយវិធីនេះ ពួកយើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជូន នូវគម្រោងរួមគ្នាជាមួយដៃគូអាមេរិក ហើយនៅពេលខ្ញុំហៅថាជាដៃគូ ន័យថាមិនត្រឹមតែរចនាសម្ព័ន្ធរដ្ឋបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រុមហ៊ុនផងដែរ ប្រសិនបើពួកគេចាប់អារម្មណ៍ធ្វើការរួមគ្នា»។ លោក ពូទីន បន្ថែមថា «ខ្ញុំចង់សង្កត់ធ្ងន់ថា ធនធានប្រភេទនេះយើងមានច្រើនជាងអ៊ុយក្រែន។ កិច្ចព្រមព្រៀងដ៏មានសក្ដានុពលរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ពាក់ព័ន្ធនឹងរ៉ែកម្រ មិនជាក្តីកង្វល់សម្រាប់រុស្ស៉ីឡើយ»។
គួរបញ្ជាក់ថា រុស្ស៉ី គឺជាប្រទេសធំជាងគេទី ៥ក្នុងពិភពលោក ដែលមានរ៉ែកម្រដ៏សម្បើម បន្ទាប់មកគឺ ចិន ប្រេស៉ីល ឥណ្ឌា និងអូស្រ្តាលី។ តាមការប៉ាន់ស្មាន រុស្ស៉ីអាចមានរ៉ែកម្រប្រហែល ៣.៨លានតោន៕