(បែរឡាំង)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Joerg Kukies បាននិយាយថា រុស្ស៉ីនឹងមិនអាចវិលត្រឡប់មកចូលរួមក្នុង ក្រុមប្រទេស G7 វិញ តាមបំណងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក Kukies បាននិយាយថា ការថ្កោលទោសរបស់ G7 ចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន គឺច្បាស់លាស់ខ្លាំងណាស់ ជាពិសេស នៅគម្រប់ខួប៣ឆ្នាំគត់នៃសង្រ្គាម ហើយលោកបានបន្ថែមថា សំណើរបស់លោក ត្រាំ ដែលចង់ឱ្យរុស្ស៉ីត្រឡប់មកជាសមាជិករបស់ G7 នឹងមិនអាចទទួលបានការគាំទ្រក្នុងសំឡេងឯកច្ឆន្ទ ដែលចាំបាច់នោះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ លោក ត្រាំ បានលើកឡើងថា រូបលោកចង់ឃើញ រុស្ស៉ីវិលត្រឡប់មកកាន់ក្រុមប្រទេស G7 វិញ ហើយលោកបានចាត់ទុកថា ការបណ្តេញទីក្រុងមូស្គូ គឺជាកំហុសមួយ។ រុស្ស៉ីធ្លាប់ជាសមាជិក នៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ដែលកាលនោះ ត្រូវបានស្គាល់ថាជា G8 រហូតទាល់តែទីក្រុងមូស្គូ ត្រូវបានបណ្តេញចេញ បន្ទាប់ពីរុស្ស៉ីបានក្រសោបយក តំបន់ឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន កាលពីឆ្នាំ២០១៤៕