(សេអ៊ូល)៖ អាជ្ញាធរនិយាយថា មនុស្ស ៤នាក់បានស្លាប់ និងរបួស ៦នាក់ បន្ទាប់ពីបាក់រលំស្ពានមួយ នៅឯការដ្ឋានសាងសង់ផ្លូវល្បឿនលឿន នៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃទីអង្គារ ទី២៥ ខែកុម្ភៈ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ឧប្បតិ្តហេតុនេះ កើតឡើងនៅម៉ោងប្រហែល ៩ព្រឹក (ម៉ោងនៅសេអ៊ូល) នៅទីក្រុង Anseong ចម្ងាយប្រហែល ៦៥គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីសេអ៊ូល។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ដែកប្រវែង ៥០ម៉ែត្រចំនួន ៥ សម្រាប់ទ្រទ្រង់ស្ពានផ្លូវហាវ៉េ បានដួលរលំម្តងមួយៗ។

គួរបញ្ជាក់ថា ប្រធានាធិបតីស្តីទី លោក Choi Sang-mok បានចេញសេចក្តីណែនាំជាបន្ទាន់ ដើម្បីកៀរគរធនធាន និងបុគ្គលិកទាំងអស់ ឱ្យចេញធ្វើប្រតិបត្តិការជួយសង្គ្រោះ៕