(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានព្រមានថា សន្តិភាពមិនអាចមានន័យស្មើនឹង ការទម្លាក់អាវុធចុះចាញ់របស់អ៊ុយក្រែន នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

លោក ម៉ាក្រុង បានលើកឡើងដូចខាងលើ ក្រោយជំនួបនៅសេតវិមាន ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ វាកើតឡើងចំគម្រប់ខួប៣ឆ្នាំគត់ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន និងស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមានសន្តិភាព ក្នុងឆ្នាំនេះ ខណៈរូបលោក ជួបក្រុមមេដឹកនាំអឺរ៉ុប នៅឯទីក្រុងកៀវ ចំពោះមុខការព្រួយបារម្ភថា លោក ត្រាំ ហាក់កំពុងលម្អៀងទៅរកគោលជំហររបស់រុស្ស៉ី។

គួរបញ្ជាក់ថា លោកប្រធានាធិបតីបារាំង បានប្រញាប់ប្រញាល់ធ្វើទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៉ីនតោន បន្ទាប់ពីលោក ត្រាំ បានបង្កភាពភ្ញាក់ផ្អើលជុំវិញពិភពលោក នៅពេលដែលលោក បានប្រកាសពីការត្រៀមលក្ខណៈ បន្តការធ្វើទំនាក់ទំនងការទូតជាមួយរុស្ស៉ីឡើងវិញ ហើយបានបើកកិច្ចពិភាក្សា ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន ជាមួយទីក្រុងមូស្គូ ដោយគ្មានវត្តមានអឺរ៉ុបនិង​អ៊ុយក្រែន។ យ៉ាងណាមិញ ក្រោយជួបលោក ត្រាំ លោក ម៉ាក្រុង បានបង្ហាញការជឿជាក់ថា នឹងមានផ្លូវដើម្បីជម្នះឆ្ពោះទៅមុខ បើទោះបីជាមានក្តីកង្វល់ អំពីភាពប្រេះឆារវាងអាមេរិក និងអឺរ៉ុបក៏ដោយ៕