(ប៉េកាំង)៖ កាសែតរដ្ឋចិន បានរាយការណ៍នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ នេះថា ទីប្រឹក្សានយោបាយជាតិរបស់ចិន បានផ្តល់អនុសាសន៍ឱ្យកំណត់អាយុស្របច្បាប់ សម្រាប់អ្នកត្រូវរៀបអាពាហ៍ពិពាហ៍ មកនៅត្រឹម ១៨ឆ្នាំ ដើម្បីបង្កើនឱកាសមានកូន ចំពេលដែលប្រទេសនេះប្រឈមមុខនឹងការថយចុះចំនួនប្រជាជន និងមានអត្រាកំណើតទាប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងប្រទេសចិន អាយុស្របច្បាប់សម្រាប់អ្នកដែលអាចរៀបការបានគឺ បុរសត្រូវមានអាយុចាប់ពី ២២ឆ្នាំ និងស្រ្តីចាប់ពីអាយុ ២០ឆ្នាំ។ លោក Chen Songxi សមាជិកនៃគណៈកម្មាធិការជាតិប្រឹក្សានយោបាយបក្សកុម្មុយនីសចិន បានប្រាប់ Global Times ថា លោកគ្រោងដាក់សំណើស្តីពីការបន្ធូរបន្ថយទាំងស្រុង ជុំវិញវិធានការយកកូននៅក្នុងប្រទេសចិន ហើយបង្កើតប្រព័ន្ធលើកទឹកចិត្តមួយ សម្រាប់ការអាពាហ៍ពិពាហ៍ និងការសម្រាលកូន។ លោក Chen និយាយថា អាយុរៀបការស្របច្បាប់ត្រឹម ១៨ឆ្នាំ នឹងជួយបង្កើនចំនួនប្រជាជនដែលអាចមានកូន ហើយវា​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ។

គួរបញ្ជាក់ថា ចំនួនប្រជាជនចិន បានធ្លាក់ចុះជាលើកទី៣ កាលពីឆ្នាំ ២០២៤ ខណៈដែលការរៀបអាពាហ៍ពិពាហ៍បានធ្លាក់ចុះមួយភាគប្រាំ និងជាការធ្លាក់ចុះដ៏ធំបំផុតក្នុងកំណត់ត្រា ទោះបីជាមានការខិតខំប្រឹងប្រែងលើកទឹកចិត្តឱ្យគូស្នេហ៍វ័យក្មេងរៀបការ និងមានកូនក៏ដោយ៕