(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាក់ឡើងវិញពី «ភាពជាដៃគូគ្មានព្រំដែន» នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ចំថ្ងៃខួបគម្រប់៣ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយថាប្រទេសទាំង២មិនអាចឃ្លាតឆ្ងាយពីគ្នានោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ស៊ី ជីនពីង និងលោក ពូទីន កើតមានឡើង ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមអ៊ុយក្រែនឱ្យបានឆាប់ដែលធ្វើឱ្យ ក្រុមអ្នកវិភាគខ្លះលើកឡើងពីលទ្ធភាពដែលទីក្រុងវ៉ាស៊ីនតោនអាចនឹងព្យាយាមបំបែកបំបាក់ទំនាក់ទំនងរវាងលោក ពូទីន និងលោក ស៊ី ជីនពីង ដើម្បីអាចប្រមូលផ្ដុំការផ្តោតលើការប្រជែងជាមួយចិន។

ដូច្នេះហើយ ទើបគេមើលឃើញថាកិច្ចសន្ទនារវាងលោក ស៊ី ជីនពីង និងលោក ពូទីន ទំនងជាមានបំណងបន្សាបការយល់ឃើញបែបនេះ ដោយមេដឹកនាំនៃប្រទេសទាំង២បានគូសបញ្ជាក់ជាថ្មីពីនិរន្តរភាព និងធម្មជាតិនៃភាពយូរអង្វែងនៃសម្ព័ន្ធភាពរវាងចិន និងរុស្ស៉ី ដែលនឹងមិនរង្គោះរង្គើរដោយសារឥទ្ធិពលខាងក្រៅ ឬជនទី៣ណាឡើយ។ នៅក្នុងការដកស្រង់សម្ដីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ស៊ី ជីនពីង បានលើកឡើងក្នុងកិច្ចសន្ទនាជាមួយលោក ពូទីនថា «ទំនាក់ទំនងរវាងចិន និងរុស្ស៉ី មានភាពរឹងមាំពីខាងក្នុង និងមានតម្លៃយុទ្ធសាស្ត្រពិសេសខុសពីគេ ហើយនឹងមិនរងឥទ្ធិពលពីភាគទី៣ណាមួយ ទេ»។ លោក ស៊ី ជីនពីងបន្ថែមទៀតថា «ការអភិវឌ្ឍយុទ្ធសាស្ត្រ និងគោលនយោបាយការបរទេសរបស់ចិន និងរុស្ស៉ី គឺមានរយៈពេលយូរអង្វែង ហើយប្រទេសទាំង២គឺជាអ្នកជិតខាងល្អនឹងគ្នា ដែលមិនអាច ឃ្លាតឆ្ងាយពីគ្នាឡើយ»

គួរបញ្ជាក់ថា ចិន និងរុស្ស៉ី បានប្រកាសពីភាពជាដៃគូគ្មានព្រំដែន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ លោក ស៊ី ជីនពីង បានជួបលោក ពូទីន ជាង៤០ដងហើយ ក្នុងពេលជាង១០ឆ្នាំមកនេះ ហើយលោក ពូទីនវិញកាលពីប៉ុន្មានខែថ្មីៗនេះក៏បានចាត់ទុកចិនជាសម្ព័ន្ធមិត្តមួយរបស់លោកផងដែរ៕