(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈថាបណ្ដាប្រទេសអឺរ៉ុប រួមទាំងប្រទេសដទៃទៀត អាចចូលរួមក្នុងកិច្ចចរចាដើម្បីដោះស្រាយ ជម្លោះនៅអ៊ុយក្រែន ចំពោះមុខការព្រយបារម្ភរបស់អ៊ុយក្រែន និងអឺរ៉ុប ខ្លាចថាពួកគេអាចនឹងត្រូវបានផាត់ចេញពីកិច្ចចរចា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងបទសម្ភាសន៍មួយត្រូវបានចាក់ផ្សាយដោយទូរទស្សន៍រដ្ឋរុស្ស៉ី លោក ពូទីន បានបង្ហាញពីការយល់ស្របជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើចំណុចជាច្រើន ប៉ុន្តែ បាននិយាយថាបណ្ដាប្រទេសអឺរ៉ុបក៏អាចដើរតួនាទីសំខាន់មួយ ក្នុងការជួយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនផងដែរ។ «ខ្ញុំយល់ថាមិនមានបញ្ហាអ្វីទេចំពោះរឿងនេះ»។ នេះជាការបញ្ជាក់របស់ លោក ពូទីន នៅពេលត្រូវបានសាកសួរថាតើរូបលោកយល់យ៉ាងណា ចំពោះបណ្ដាប្រទេសអឺរ៉ុបដែលកំពុងទទូចពីតួនាទីរបស់ខ្លួនក្នុងកិច្ចចរចាស្ដីពីអ៊ុយក្រែន។ លោក ពូទីន បន្តថា «ជាការពិតណាស់ គ្មាននរណាម្នាក់អាចទាមទារអ្វីមួយទេនៅពេលនេះ ជាពិសេសគឺទាមទារពីរុស្ស៉ី។ ប៉ុន្តែការចូលរួមរបស់ពួកគេក្នុងនីតិវិធីនៃកិច្ចចរចាគឺស្ថិតនៅក្នុងតម្រូវការ។ ដូច្នេះបើ ពួកចង់ត្រឡប់មកវិញ យើងនឹងស្វាគមន៍ពួកគេ»

តាមលោក ពូទីន រុស្ស៉ីមិនបានបដិសេធការចូលរួមរបស់បណ្ដាប្រទេសអឺរ៉ុបឡើយ តែគឺអឺរ៉ុបខ្លួនឯងទេដែលបដិសេធទំនាក់ទំនងជាមួយរុស្ស៉ី ហើយចង់ឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះនៅ លើសមរភូមិ៕